
ប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជីនពីង) នៅថ្ងៃពុធ (ទី១០ ខែមេសា) នេះ បានប្រាប់អតីតមេដឹកនាំកោះតៃវ៉ាន់ លោក Ma Ying-jeou ថា ការជជែកវែកញែកពីខាងក្រៅមិនអាចបញ្ឈប់ «ការជួបជុំគ្រួសារ» រវាងភាគីទាំង២ នៃច្រកសមុទ្រតៃវ៉ាន់បាននោះឡើយ ហើយថា គ្មានបញ្ហាណាមួយដែលមិនអាចពិភាក្សាគ្នាបានទេ។
អំឡុងជួបជាមួយលោក Ma នៅឯមហាវិមានប្រជាជនរបស់ទីក្រុងប៉េកាំង ដែលជាធម្មតាបណ្ដាមេដឹកនាំបរទេសជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិននោះ លោក ស៊ី បានលើកឡើងថា ប្រជាជននៅសងខាងច្រកសមុទ្រ គឺជាជនជាតិចិន។ ហើយនៅក្នុងការអត្ថាធិប្បាយដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ លោក ស៊ី បាននិយាយថា «ការជ្រៀតជ្រែកពីខាងក្រៅមិនអាចបញ្ឈប់និន្នាការប្រវត្តិសាស្ត្រនៃការជួបជុំគ្នារបស់ប្រទេស និងក្រុមគ្រួសារបានទេ»។
យ៉ាងណាក្ដី លោក ស៊ី មិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែនៅក្នុងវាក្យសព្ទចិនដែលសំដៅលើការជ្រៀតជ្រែកពីខាងក្រៅមកលើកោះតៃវ៉ាន់ ជាទូទៅ គឺសំដៅលើការគាំទ្រដែលទីក្រុងតៃប៉ិទទួលបានពីបណ្តាប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិកជាដើម ជាពិសេសការលក់អាវុធដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។
គួរបញ្ជាក់ថា គិតចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនដែលរងបរាជ័យ បានភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិល ក្រោមដៃរបស់ក្រុមកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង គ្មានមេដឹកនាំកោះតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចនៅប្រទេសចិននោះឡើយ។
លោក Ma ដែលកាន់តំណែងជាមេដឹកនាំពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ កាលពីឆ្នាំមុន បានក្លាយជាអតីតមេដឹកនាំកោះតៃវ៉ាន់ដំបូងគេដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយឥឡូវនេះលោកកំពុងធ្វើដំណើរទៅកាន់ប្រទេសនេះជាលើកទី២៕