
ការស្ទង់មតិលើអ្នកចេញពីមណ្ឌលបោះឆ្នោតភ្លាមៗ បានបង្ហាញថា គណបក្សប្រជាធិបតេយ្យ (DP) របស់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ត្រូវបានគេព្យាករថា នឹងឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោត នាថ្ងៃពុធ (ទី១០ ខែមេសា) សម្រាប់អង្គនីតិបញ្ញត្តិរបស់ប្រទេសនេះ ដែលលទ្ធផលនេះ គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះប្រធានាធិបតីលោក Yoon Suk Yeol។
ការស្ទង់មតិរួមគ្នាដែលចេញផ្សាយដោយទូរទស្សន៍ KBS, MBC និង SBS បានប៉ាន់ប្រមាណថា គណបក្សប្រឆាំង DP និងសម្ព័ន្ធមិត្តតូចៗរបស់ខ្លួន អាចទទួលបានចន្លោះពី ១៨៣ ទៅ ១៩៧អាសនៈ នៅក្នុងសភាតែមួយ ដែលមាន ៣០០អាសនៈ ហើយគណបក្សអភិរក្សនិយមរបស់ Yoon គឺគណបក្សអំណាចប្រជាជន (PPP) និងដៃគូរបស់ខ្លួន នឹងឈ្នះកៅអីចន្លោះពី ៨៥ ទៅ១០០។ ចំណែកការស្ទង់មតិមួយផ្សេងទៀតដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ខ្សែកាប JTBC បានបង្ហាញថា គណបក្សប្រឆាំងទំនងជាទទួលបានចន្លោះពី ១៦៨ ទៅ១៩៣អាសនៈ ខណៈពេលដែលបានកំណត់សម្ព័ន្ធរបស់គណបក្ស PPP ថា ឈ្នះចន្លោះពី ៨៧ ទៅ១១១អាសនៈ។
ប្រធានគនបក្ស PPP លោក Han Dong-hoon ដែលបាននិយាយថា គណបក្សប្រឆាំងភាគច្រើននឹងបង្កើតវិបត្តិឲ្យប្រទេសនោះ បានប្រាប់ថា ការស្ទង់មតិលើអ្នកចេញពីមណ្ឌលបោះឆ្នោតភ្លាមៗនោះ គឺជារឿង «គួរឲ្យខកចិត្ត» ប៉ុន្តែបាននិយាយថា លោកកំពុងរង់ចាំលទ្ធផលចុងក្រោយ ដោយលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។
ប្រធានគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung នៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការបោះឆ្នោតនេះ។ គេរំពឹងថា លទ្ធផលផ្លូវការនឹងមិនត្រូវបានចេញផ្សាយនោះឡើយ រហូតដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) ប៉ុន្តែការស្ទង់មតិលើអ្នកចេញពីមណ្ឌលបោះឆ្នោតភ្លាមៗ នៅក្នុងការបោះឆ្នោតមុនៗ បានផ្តល់ការឆ្លុះបញ្ចាំងពីភាពពិតប្រាកដនៃលទ្ធផលផ្លូវការ៕