
មន្ត្រីនៃប្រទេសអ៊ុយក្រែន និងអង់គ្លេស បាននិយាយនៅក្នុងទីក្រុងគីវថា ប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដើម្បីសហការក្នុងវិស័យការពារជាតិ និងផលិតអាវុធ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងសម័យសង្រ្គាម ដើម្បីកសាងឧស្សាហកម្មអាវុធក្នុងស្រុករបស់អ៊ុយក្រែន ដោយធ្វើការជាមួយសម្ព័ន្ធមិត្ត។
ឯកសារនេះត្រូវបានចុះហត្ថលេខានៅឯសន្និសីទឧស្សាហកម្មយោធាក្នុងទីក្រុងគីវ ដែលមានការចូលរួមពីក្រុមហ៊ុនការពារជាតិអង់គ្លេសប្រហែល ៣០ក្រុមហ៊ុន ដែលបានទៅទស្សនកិច្ច ដើម្បីពិភាក្សាអំពីការវិនិយោគរួមគ្នានាពេលខាងមុខជាមួយក្រុមហ៊ុនផលិតសព្វាវុធ និងវិស័យការពារជាតិរបស់អ៊ុយក្រែន។
បន្ទាប់ពីពិធីចុះហត្ថលេខានោះ លោក Oleksandr Kamyshin រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្ររបស់អ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលលើកដំបូងស្តីពីកិច្ចសហប្រតិបត្តិការ។ ថ្ងៃនេះក្រុមហ៊ុនអង់គ្លេសកំពុងធ្វើការជាមួយក្រុមហ៊ុនអ៊ុយក្រែន ហើយកំពុងស្វែងរកឱកាស ដើម្បីផលិតអាវុធរួមគ្នាបន្ថែមទៀត»។
ចំណែករដ្ឋមន្ត្រីគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស គឺលោក Greg Hands បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលចំណេញ សម្រាប់អ៊ុយក្រែន នៅសមរភូមិ ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចដែលរងការបំផ្លាញរបស់ប្រទេស ក្នុងរយៈពេលវែងជាងផងដែរ។ ជាង ២ឆ្នាំហើយ ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទាហានអ៊ុយក្រែន បានចាញ់ប្រៀបទាំងផ្នែកអាវុធ និងចំនួនមនុស្ស នៅសមរភូមិ ដោយសារសត្រូវបំពាក់អាវុធល្អជាង និងច្រើន។
ហើយចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដែលថា ការគាំទ្រផ្នែកយោធាពីដៃគូលោកខាងលិចរបស់ទីក្រុងគីវ កំពុងធ្លាក់ចុះ រដ្ឋាភិបាលអ៊ុយក្រែនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផលិតអាវុធផ្ទាល់ខ្លួន និងដើម្បីទាក់ទាញអ្នកផលិតលោកខាងលិចធំៗ ឲ្យដំឡើងកន្លែងជួសជុល និងផលិត នៅអ៊ុយក្រែន បើទោះបីជាមានការគំរាមកំហែងពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីក៏ដោយ៕