
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តធ្វើ នាថ្ងៃពុធ (ទី១០ ខែមេសា) នេះ នៅឯរោងចក្រថាមពលវារីអគ្គិសនីមួយ ក្បែរទីក្រុង Bologna ភាគខាងជើងប្រទេសអ៊ីតាលី ពោលគឺមានរយៈពេលមួយថ្ងៃបន្ទាប់ពីមានការផ្ទុះដ៏គ្រោះថ្នាក់ ដែលបណ្ដាលឲ្យកម្មករយ៉ាងហោចណាស់ ៣នាក់ បានស្លាប់ ៦នាក់រងរបួស និងបាត់ខ្លួន ៤នាក់។
លោក Luca Cari អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យអ៊ីតាលី បាននិយាយថា៖ «យើងកំពុងធ្វើការ ប៉ុន្តែមានក្តីសង្ឃឹមតិចតួចក្នុងការស្វែងរកអ្នកបាត់ខ្លួននៅរស់។ យើងកំពុងធ្វើការក្នុងស្ថានភាពដ៏ស្មុគស្មាញ និងលំបាកខ្លាំង។ ជាន់ដែលមានការផ្ទុះនោះ គឺក្ដៅស្ងួត ហើយឥឡូវនេះ មានទឹកកម្ពស់ ៥០សង់ទីម៉ែត្រ»។
គួរបញ្ជាក់ថា ការផ្ទុះដ៏ខ្លាំងមួយ កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) បានអង្រួនរោងចក្រនៅកម្ពស់ប្រហែល ៤០ម៉ែត្រ ក្រោមកម្រិតទឹក ដោយបានបណ្តាលឲ្យមានទឹកជំនន់ និងដួលរលំផ្នែកខ្លះនៃរចនាសម្ព័ន្ធខាងក្រោមដី ៩ជាន់។
ការផ្ទុះនៅរោងចក្រ Bargi របស់ក្រុមហ៊ុនថាមពល Enel Green Power បានកើតឡើងអំឡុងពេលអនុវត្តការងារថែទាំ។ អភិបាលក្រុង Bologna លោក Attilio Visconti បាននិយាយថា អណ្ដាតភ្លើងបានឆាបឆេះ នៅពេលដែលទួរប៊ីនមួយបានផ្ទុះឡើងនៅជាន់ទី៨ ដោយបង្កជាទឹកជំនន់លិចជាន់ខាងក្រោម។
យោងតាមការរៀបរាប់ដំបូងនៃឧបទ្ទវហេតុនេះពីសាក្សី និងអ្នករស់រានមានជីវិត បានឲ្យដឹងថា ការផ្ទុះបានកើតឡើងអំឡុងប្រតិបត្តិការសាកល្បងដែលមានបុគ្គលិកប្រហែល ១៥នាក់ ដែលស្ទើរតែទាំងអស់ជាបុគ្គលិករបស់ក្រុមហ៊ុនខាងក្រៅចំនួន៣ ដែលត្រូវបានជួលដោយក្រុម Enel។ រដ្ឋអាជ្ញាប្រចាំតំបន់ត្រូវបានគេរំពឹងថា នឹងបើកការស៊ើបអង្កេតនៅថ្ងៃពុធនេះ៕