
វីដេអូមួយដែលផ្សព្វផ្សាយដោយសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន(PRCS) កាលពីថ្ងៃអង្គារ បានបង្ហាញពីការបំផ្លិចបំផ្លាញនៅខាងក្នុងមន្ទីរពេទ្យក្នុងក្រុងខាន យូនីស (Khan Younis) ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានដកចេញពីតំបន់នោះមក។
សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយ នៅក្នុងការបង្ហោះមួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា ការបំផ្លិចបំផ្លាញដ៏ខ្លាំងនេះ ត្រូវបានធ្វើឡើងដោយទាហានឈ្លានពានអ៊ីស្រាអែល នៅផ្នែកខាងក្នុងមន្ទីរពេទ្យ អាល់ អាម៉ាល់ (Al-Amal)របស់សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ក្នុងក្រុងខាន យូនីស បណ្តាលឱ្យខូចខាតទាំងស្រុង ដោយបង្ហាញថា មន្ទីរពេទ្យនេះ មិនមានសមត្ថភាពផ្ដល់សេវាដល់អ្នកជម្ងឺ និងអ្នករបួសឡើយ។
អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា កាលពីខែមិនា កងទ័ពអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យអាល់ អាម៉ាល់ និងមន្ទីរពេទ្យ ណាស៊ើរ (Nasser) ដោយបានបង្ខំអោយក្រុមវេជ្ជសាស្រ្ដភៀសខ្លួនចេញ ដោយសារតែទទួលរងនូវការបាញ់កាំភ្លើងស្រោចលើយ៉ាងខ្លាំង។
កងទ័ពអ៊ីស្រាអែល បានចាប់ផ្ដើមប្រតិបត្ដិការនៅជុំវិញមន្ទីពេទ្យអាល់ អាម៉ាល់ ដែលយោធាអ៊ីស្រាអែល និយាយថាបន្ទាប់ពីមានព័ត៌មានស៊ើបការជាក់លាក់ និងបានអោយតម្រុយថា ក្រុមភេរវជន កំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័នស៊ីវិល ដើម្បីធ្វើសកម្មភាពភេរវកម្ម នៅក្នុងតំបន់មន្ទីរពេទ្យ អាល់ អាម៉ាល់។
ក្រុមហាម៉ាស និងបុគ្គលិកវេជ្ជសាស្រ្ដ បានបដិសេធន៍នឹងការចោទនេះ៕