ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន និងក្រុមគ្រួសាររបស់លោក Haniyeh បាននិយាយថា កូនប្រុសបីនាក់របស់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មាល ហានីយ៉េ(Ismail Haniyeh) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ទី១០ ខែមេសា។ យោធាអ៊ីស្រាអែល បានអះអាងពីការអនុវត្តន៍ការវាយប្រហារនេះ ដោយចាត់ទុកកូនប្រុសទាំងបីនាក់នេះ ថាស្ថិតនៅក្នុងប្រតិបត្តិការនៃស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស។

ក្រុមហាម៉ាសនិយាយថា កូនប្រុសទាំងបីនាក់មានឈ្មោះ ហាហ្សេម(Hazem), អាមៀ(Amir) និង ម៉ូហាម៉ាត(Mohammad) ត្រូវបានសម្លាប់នៅពេលដែលរថយន្តដែលពួកគេកំពុងបើកបរ ត្រូវបានបំផ្ទុះនៅក្នុងជំរំ Al-Shati តំបន់ហ្កាហ្សា។ ចៅៗរបស់លោក Haniyeh បួននាក់ ចៅស្រី៣នាក់ និងចៅប្រុសម្នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះដែរ។

លោក Haniyeh ដែលស្ថិតនៅបរទេសក្នុងប្រទេសកាតា ជាអ្នកដែលតឹងរ៉ឹងក្នុងផ្នែកការទូតអន្តរជាតិរបស់ក្រុមហាម៉ាស ខណៈសង្រ្គាមជាមួយអ៊ីស្រាអែល បានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ជាកន្លែងដែលលំនៅឋានគ្រួសាររបស់លោកត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីខែវិច្ឆិកា។
យោងតាមសាច់ញាតិបានឱ្យដឹងថា កូនប្រុសទាំងបី និងចៅៗបួននាក់ បានទៅលេងគ្រួសារក្នុងថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr របស់ពលរដ្ឋមូស្លីមនៅតំបន់ Shati ជាជំរំជនភៀសខ្លួននៅក្នុងទីក្រុងហ្កាហ្សា ។
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងសិក្សាសំណើបទឈប់បាញ់របស់អ៊ីស្រាអែលក្នុងសង្គ្រាមនៅហ្កាហ្សារយៈពេលជាងប្រាំមួយខែមកនេះ ប៉ុន្តែបាននិយាយថា វាពុំមានភាពរីកចម្រើនអ្វីនោះទេ ហើយក៏ពុំបានបំពេញតាមការទាមទារណាមួយរបស់ប៉ាឡេស្ទីននោះដែរ។ នៅក្នុងខែទីប្រាំពីរនៃសង្រ្គាម ដែលការវាយលុកតាមអាកាសនិងជើងគោករបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា ក្រុមហាម៉ាសមានបំណងឲ្យបញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការដកកងទ័ពចេញពីតំបន់ហ៊ុមព័ទ្ធមួយនេះ និងអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនប៉ាឡេស្ទីនត្រឡប់ទៅលំនៅឋានវិញ។