រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃពុធ (១០ មេសា) ថាអ៊ីស្រាអែល នឹងបើកច្រកផ្លូវឆ្លងកាត់ជើងគោកថ្មីមួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានធ្វើឡើងជាចម្បងដើម្បីជួយសម្រួលដល់ការបញ្ជូនជំនួយដល់ប៉ាឡេស្ទីនពីក្រៅប្រទេស ឬប្រទេសជិតខាងហ្ស៊កដានី។

បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមអ៊ីស្លាមហាម៉ាស ដែលកំពុងកាន់អំណាចនៅហ្កាហ្សា កាលពីថ្ងៃទី០៧ ខែតុលា អ៊ីស្រាអែលបានធ្វើសង្គ្រាម និងកាត់ផ្តាច់ការផ្គត់ផ្គង់ដែលចេញពី ឬឆ្លងកាត់ទឹកដីរបស់ខ្លួនទៅកាន់តំបន់ឆ្នេរហ៊ុមព័ទ្ធដ៏ក្រីក្រនេះ។

វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង បានទាក់ទាញសម្ពាធដាក់លើអ៊ីស្រាអែល ពីបណ្ដាដៃគូលោកខាងលិច និងអារ៉ាប់ ក្នុងការរុញអ៊ីស្រាអែលឱ្យធ្វើបន្ថែមទៀតដើម្បីជួយសម្រួលដល់ការចូលនៃជំនួយ បន្ទាប់ពីជាច្រើនខែដែលខ្លួនបានព្យាយាមរុញបន្ទុកនេះទៅឱ្យអេហ្ស៊ីប ដែលក៏មានព្រំដែនជាប់ជាមួយហ្កាហ្សាផងដែរ។
លោក ហ្កាឡាន់ បាននិយាយថា ចំណុចឆ្លងកាត់ថ្មីនេះនឹងជំរុញការបញ្ជូនជំនួយជើងគោកពីហ្ស៊កដានី ទៅកាន់ភាគខាងកើតអ៊ីស្រាអែល។

អ៊ីស្រាអែលក៏បានជួយបង្កើតច្រករបៀងសមុទ្រសម្រាប់ការបញ្ជូនជំនួយដោយផ្ទាល់ទៅកាន់តំបន់ហ្កាហ្សាតាមសមុទ្រ និងបានបើកដែនអាកាសរបស់ខ្លួនដល់យន្តហោះបរទេសដែលបានទម្លាក់ជំនួយតាមឆ័ត្រយោងជាច្រើនតោនសម្រាប់ប្រជាជនប៉ាឡេស្ទីន៕