នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងអូស្លូ ប្រទេសណ័រវេស លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រួមដំណើរដោយ លោកជំទាវ គង់ សាឡន សមាជិកគណៈកម្មការទី១០ បានចូលរួមនៅក្នុងពិធីបើកជាផ្លូវការ សន្និសីទសភាអន្តរជាតិ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD (ICPD PoA) ហៅកាត់ថា IPCI ដែលមានការចូលរួមពីសមាជិកសភាលើសកលលោកប្រមាណជាង៣០០នាក់ មកពី១២០ប្រទេសលើសកលលោក។ សន្និសីទនេះ ទទួលបានការគាំទ្រថវិកាដោយ អង្គការសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ (UNFPA) វេទិកាសភាអឺរ៉ុបស្តីពីសិទ្ធិបន្តពូជនិងសិទ្ធិផ្លូវភេទ (EPF) និងអង្គការ Sex og Politikk។

ICPD PoA ដែលមានន័យពេញថា កម្មវិធីសកម្មភាព ស្តីពីសន្និសីទអន្តរជាតិអំពីប្រជាជន និងការអភិវឌ្ឍ ដែលបានអនុម័តនៅទីក្រុង Cairo ប្រទេសអេហ្សីបកាលពីឆ្នាំ១៩៩៤ គឺជាលិខិតតុបករណ៍អន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងឋានៈរបស់ស្ត្រីនៅក្នុងសង្គម ទាក់ទងទៅនឹងសិទ្ធិនិងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ(SRHR) ហើយត្រូវបានពិភពលោកទទួលស្គាល់ថា គឺជាគោលការណ៍គ្រឹះនៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

សន្និសីទសភាអន្តរជាតិនាថ្ងៃនេះ មានគោលបំណងពិនិត្យ និងពិភាក្សាទៅលើការតាមដានការអនុវត្តការប្តេជ្ញាចិត្តជាសកលកាលពី៣០ឆ្នាំមុន ក្នុងការសម្រេចបាន សូន្យ៣ គឺ (១)សូន្យ មរណភាពមាតាដែលអាចការពារបាន (២)សូន្យ ផែនការគ្រួសារដែលមិនបានឆ្លើយតប (៣)សូន្យ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តី និងក្មេងស្រី ត្រឹមឆ្នាំ២០៣០។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ សភាពិភពលោកក៏ត្រូវក្រឡេកមើលទៅលើបញ្ហាប្រឈមដែលកំពុងកើតឡើង រួមមាន ការផ្ទុះឡើងនូវជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធ បរិវត្តកម្មឌីជីថល និងវិបត្តិនានាដែលកំពុងកើតឡើង។ ដូចអ្វីដែលបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិសភាកន្លងមក ស្លាប់ឬរស់ គឺជាការសម្រេចចិត្តរបស់អ្នកនយោបាយ សកម្មភាពសភាក្នុងថ្ងៃនេះនឹងជះឥទ្ធិពលទៅថ្ងៃអនាគត ដូច្នេះសមាជិកសភាមានតួនាទីនៅក្នុងការកៀរគរធនធាន និងបង្កើតបរិយាកាសគោលនយោបាយអំណោយផលដល់ការទទួលបានពេញលេញនូវសិទ្ធិ និងសុខភាពបន្តពូជនិងផ្លូវភេទ(SRHR)របស់ស្រ្តីនិងក្មេងស្រី៕

