ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (១០ មេសា) បាននិយាយថា ខ្លួនបានធ្វើសមយុទ្ធមួយ ជាមួយនឹងសេណារីយ៉ូនិមិត្តនៃការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ដើម្បីកែលម្អការត្រៀមខ្លួនសម្រាប់ «សង្រ្គាមពហុសង្វៀន» ដែលអាចកើតមាន។

សមយុទ្ធដែលធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារនោះ មានការចូលរួមពីអាជ្ញាធរ មន្ទីរ និងក្រុមហ៊ុនរបស់ក្រសួង ព្រមទាំងក្រុមមន្ត្រីជាន់ខ្ពស់មកពីទីស្តីការនាយករដ្ឋមន្ត្រី អាជ្ញាធរជាតិគ្រប់គ្រងគ្រោះអាសន្ន បញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពផ្សេងៗទៀត។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីកែលម្អការត្រៀមខ្លួននៃវិស័យដឹកជញ្ជូន ដើម្បីទប់ទល់នឹងសង្គ្រាមដែលមានកម្រិតខ្លាំង ជាពិសេសនៅក្នុងសេណារីយ៉ូងងឹត។
សមយុទ្ធនេះបានសង្កត់ធ្ងន់លើការពង្រឹងសមាហរណកម្ម និងទំនាក់ទំនងទៅវិញទៅមករវាងអាជ្ញាធរ និងអង្គការនានា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ដូចជាវិបត្តិអគ្គិសនីដែលអាចកើតមាននៅក្នុងស្ថានការណ៍ពហុវិស័យ៕