លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃពុធ ទី១០ មេសាសប្ដាហ៍នេះ បានសន្យាថានឹងគាំទ្រដល់អ៊ីស្រាអែល ខណៈអ៊ីរ៉ង់គំរាមសងសឹកចំពោះការវាយប្រហារតាមអាកាសលើអគារកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី និងបានសម្លាប់ឧត្តមសេនីយ៍ពីរនាក់។

ការសន្យារបស់លោក Biden កើតមានឡើង ទោះបីជាមានការរិះគន់ជាសាធារណៈរបស់លោកលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជុំវិញការស្លាប់ជនស៊ីវិលរាប់ម៉ឺននាក់នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅហ្កាហ្សា ជាពិសេសបន្ទាប់ពីការវាយប្រហារតាមអាកាសបានសម្លាប់បុគ្គលិកចែកចាយជំនួយរបស់អង្គការផ្ទះបាយកណ្ដាលពិភពលោកចំនួនប្រាំពីរនាក់។

លោក Biden បានប្រាប់សន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា អ៊ីរ៉ង់កំពុងគំរាមបើកការវាយប្រហារដ៏ធំមួយលើអ៊ីស្រាអែល។ ដូចខ្ញុំបានប្រាប់នាយករដ្ឋមន្រ្តី Netanyahu ហើយថា ការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងទាំងនេះពីប្រទេសអ៊ីរ៉ង់ និងកងកម្លាំងតំណាងរបស់អ៊ីរ៉ង់ គឺរឹងមាំដូចដែកថែប។ខ្ញុំសូមបញ្ជាក់ជាថ្មីទៀតថា យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារសន្តិសុខរបស់អ៊ីស្រាអែល។

ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីបារម្ភអំពីការរំពឹងទុកនៃការវាយប្រហារដែលនឹងកើតឡើងលើផលប្រយោជន៍របស់អ៊ីស្រាអែល បន្ទាប់ពីសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់អាមេរិកនៅមជ្ឈិមបូព៌ាមួយនេះ បានបំផ្លាញអគារស្ថានកុងស៊ុលកាលពីថ្ងៃទី១ខែមេសា ដោយបានសម្លាប់សមាជិក៧នាក់នៃកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។ ស្របពេលមានហានិភ័យកើនឡើង ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa កាលពីថ្ងៃពុធបានប្រកាសថាខ្លួនបានផ្អាកជើងហោះហើរទាំងទៅ ទាំងមក ពីទីក្រុងតេអេរ៉ង់ ប្រហែលជារហូតដល់ថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា ដោយសារតែស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា។ចំណែកមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាត់តូឡា អាលីខាមីណេ(Ayatollah Ali Khamenei )បានព្រមាននៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធថា របបដ៏អាក្រក់ របស់អ៊ីស្រាអែល ត្រូវតែទទួលទណ្ឌកម្ម ហើយនឹងត្រូវដាក់ទោស៕