យោធារបស់ប្រទេសថៃ បានរឹតបន្តឹងសន្តិសុខកាលពីថ្ងៃពុធ (១០ មេសា) នៅតាមភូមិព្រំដែនភាគខាងលិចជាប់នឹងសហភាពមីយ៉ាន់ម៉ា ជាទីដែលក្រុមឧទ្ទាមប្រឆាំងរបបសឹក បានបន្តប៉ះទង្គិចជាមួយយោធាទន់ខ្សោយ ដែលបានរងបរាជ័យជាបន្តបន្ទាប់នៅក្នុងតំបន់ជួរមុខ។

អ្នកស្រុកចំនួនបួននាក់បាននិយាយថា រថយន្តរបស់កងទ័ពថៃជាច្រើនគ្រឿងដែលបំពាក់ដោយកាំភ្លើងយន្តលើដំបូល បានយាមល្បាតតាមដងផ្លូវនៃទីក្រុង មេសុត (Mae Sot) ខណៈសំឡេងនៃការផ្ទុះ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានបន្លឺឡើងឆ្លងព្រំដែនពីក្នុងសហគមន៍ ម៉យ៉ាវ៉ាឌី (Myawaddy)។

មេបញ្ជាការយោធាថៃ ពីររូបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការប្រយុទ្ធគ្នាកំពុងបន្តនៅជុំវិញសហគមន៍ ម៉យ៉ាវ៉ាឌី ដែលជាទីតាំងពាណិជ្ជកម្មដ៏សំខាន់មួយដែលត្រូវបានវាយប្រហារដោយសហភាពជាតិ ការ៉ែន (KNU) និងក្រុមសម្ព័ន្ធមិត្តប្រឆាំងរបបសឹក។
យោធាមីយ៉ាន់ម៉ា ដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ បន្ទាប់ពីទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត បានប្រឈមមុខនឹងការបរាជ័យជាបន្តបន្ទាប់ប្រឆាំងនឹងសម្ព័ន្ធភាពនៃក្រុមឧទ្ទាមជនជាតិភាគតិច និងចលនាកងជីវពលស៊ីវិល៕