រដ្ឋាភិបាលសហព័ន្ធ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកាណាដា ប្រឈមទៅនឹងហានិភ័យរដូវកាលចំហេះព្រៃដ៏មហន្តរាយមួយផ្សេងទៀត ខណៈរដ្ឋាភិបាល បានព្យាករណ៍ថា សីតុណ្ហភាពនិទាឃរដូវ និងរដូវក្តៅ ខ្ពស់ជាងសីតុណ្ហភាពធម្មតានៅទូទាំងប្រទេស ដែលត្រូវបានជំរុញដោយលក្ខខណ្ឌអាកាសធាតុ បាតុភូត អែលនីញ៉ូ(El Nino) ។

កាលពីឆ្នាំមុន ប្រទេសកាណាដា បានទប់ទល់ទៅនឹងរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានដោយមានចំហេះព្រៃជាង ៦.៦០០កន្លែង បានឆាបឆេះលើផ្ទៃដី ១៥ លានហិកតា បណ្តាលឲ្យអ្នកពន្លត់អគ្គិភ័យ ៨ នាក់ស្លាប់ ហើយមនុស្ស ២៣០.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

រដូវរងានេះ ប្រទេសកាណាដា បានជួបប្រទះសីតុណ្ហភាពក្តៅជាងធម្មតា និងគ្រោះរាំងស្ងួតរាលដាល ដែលនេះជាដំណាក់កាលសម្រាប់រដូវក្តៅមួយផ្សេងទៀត។ រដ្ឋមន្ត្រីសហព័ន្ធ បានព្រមានថា បម្រែបម្រួលអាកាសធាតុ បានរួមចំណែកដល់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបន្ថែមទៀត រួមមានចំហេះព្រៃ គ្រោះរាំងស្ងួត និងរលកកម្តៅ។
ទីក្រុង Ottawa កំពុងផ្តល់ទឹកប្រាក់ចំនួន ១៨៧,១៥ លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីផ្តល់មូលនិធិដល់ឧបករណ៍ថ្មីៗ និងបានសន្យាបណ្តុះបណ្តាលក្រុមអ្នកពន្លត់ចំហេះព្រៃនៅតាមសហគមន៍បន្ថែមចំនួន ១.០០០នាក់។
កាលពីឆ្នាំមុន ប្រទេសកាណាដា បានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យអន្តរជាតិចំនួន ៥.៥០០ នាក់ មកពីប្រទេសនានារួមមានអាហ្រ្វិកខាងត្បូង និងអេស្បាញ និងសមាជិកកងកម្លាំងប្រដាប់អាវុធ ២.១៣៥ នាក់ ដើម្បីជួយពន្លត់ចំហេះព្រៃ។
យោងតាមការវិភាគរបស់រដ្ឋាភិបាលបានឱ្យដឹងថា អាកាសធាតុមិនអំណោយផលខ្លាំង រួមមានទាំងចំហេះព្រៃ បានបណ្តាលឱ្យមានការខូចខាតក្នុងថវិកាជាង ៣,១ ពាន់លានដុល្លារកាណាដា ក្នុងឆ្នាំ ២០២៣ ។