មេធាវី លោក Sonia Vera បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញ X កាលពីថ្ងៃពុធ ថា អតីតអនុប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Jorge Glas បានធ្វើកូដកម្មបង្អត់អាហារនៅក្នុងពន្ធនាគារក្នុងទីក្រុង ហ្គាយ៉ាហ្គីល(Guayaquil) ដើម្បីតវ៉ាប្រឆាំងការចាប់ខ្លួនលោក។

លោក Glas ត្រូវបានចោទប្រកាន់ចំនួន២លើករួចមកហើយពីបទពុករលួយ ហើយពេលនេះកំពុងប្រឈមុខបទចោទប្រកាន់ថ្មីៗ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីការឆ្មក់ចូលរបស់នគរបាលនៅស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុង Quito ជាកន្លែងដែលលោកបានស្នាក់នៅចាប់តាំងពីខែធ្នូមក។
រដ្ឋាភិបាលប្រទេសអេក្វាឌ័រ បាននិយាយថា ខ្លួនមានភ័ស្តុតាងដែលថា លោក Glas មានផែនការរត់គេចខ្លួន ទោះបីជាពុំបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។

លោក Glas ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃចន្ទ បន្ទាប់ពីអង្គភាពពន្ធនាគារបាននិយាយថា លោកមិនព្រមទទួលទានអាហារ ដែលផ្តល់ឱ្យនៅក្នុងពន្ធនាគារ ហើយបានធ្លាក់ខ្លួនឈឺ ប៉ុន្តែលោកបានចេញពីមន្ទីរពេទ្យវិញកាលពីថ្ងៃអង្គារ ទី៩ ខែមេសា និងបានត្រឡប់ទៅពន្ធនាគារវិញ។
កាលពីថ្ងៃសុក្រ ទី០៥ មេសា កងកម្លាំងប្រទេសអេក្វាឌ័រ បានឆ្មក់ចូលស្ថានទូតម៉ិកស៊ិកដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ លោក Jorge Glas ដែលបានភៀសខ្លួនជាច្រើនខែមកនៅក្នុងស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងQuito។ ប្រទេសអេក្វាឌ័រ បានអះអាងថា ការផ្តល់សិទ្ធិជ្រកកោនឲ្យលោក Glas គឺខុសច្បាប់ ខណៈលោកត្រូវបានកាត់ទោសពីរដងរួចមកហើយលើបទចោទប្រកាន់អំពើពុករលួយ។
ប្រធានលេខាការបរទេសរបស់ប្រទេសម៉ិកស៊ិកប្រចាំស្ថានទូតម៉ិកស៊ិកក្នុងប្រទេសអេក្វាឌ័រ លោក រ៉ូប៊ឺតូ ខេនសេកូ(Roberto Canseco) បាននិយាយថា លោក បានរងរបួសជិតភ្នែក អំឡុងការឆ្មក់ចូល។ លោក Canseco ត្រូវបានគេមើលឃើញថាបានទប់ទល់ជាមួយកងកម្លាំងសន្តិសុខនៅក្នុងវីដេអូនៃការឆ្មក់ចូលរបស់នគរបាលអេក្វាឌ័រ។ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយថា ករណីនេះនឹងត្រូវបញ្ជូនទៅតុលាការពិភពលោកក្នុងសប្តាហ៍នេះដើម្បីធ្វើអន្តរាគមន៍។ ការឆ្មក់ចូលស្ថានទូតម៉ិកស៊ិក បានធ្វើឱ្យជម្លោះកាន់តែក្តៅគគុករវាងប្រទេសទាំងពីរ ដែលជំរុញឱ្យម៉ិកស៊ិក ផ្អាកទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសអេក្វាឌ័រ និងធ្វើឲ្យមានការរិះគន់ពីបណ្តាប្រទេសជុំវិញតំបន់ និងនៅកន្លែងផ្សេងទៀត។