ប្រទេសស្វីសនិយាយថា រដ្ឋាភិបាលស្វីស នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកម្រិតខ្ពស់រយៈពេលពីរថ្ងៃក្នុងខែមិថុនា ក្នុងគោលបំណងសម្រេចបានសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ទោះបីជារុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមនេះក៏ដោយ។

ប្រទេសស្វីស បាននិយាយកាលពីខែមករា ថាខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពតាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) ហើយចាប់តាំងពីពេលនោះមកបានជួបពិភាក្សាជាមួយសហភាពអឺរ៉ុប រដ្ឋសមាជិកនៃក្រុមប្រទេសទាំង៧ (G7) និងប្រទេសដូចជាចិន និងឥណ្ឌា ដើម្បីវាយតម្លៃចំណាប់អារម្មណ៍របស់ពួកគេក្នុងការចូលរួម។

សន្និសីទនេះនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមិថុនា នៅរមណីយដ្ឋាន បួហ្គិនស្តុក (Bürgenstock) ក្នុងរដ្ឋ នីតវ៉ាល់ដិន (Nidwalden) នៅខាងក្រៅទីក្រុង លូសើន (Lucerne)។ កិច្ចប្រជុំនេះនឹងមានគោលបំណងបង្កើតក្របខ័ណ្ឌអំណោយផលដល់សន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែងនៅអ៊ុយក្រែន ក៏ដូចជា «ផែនទីបង្ហាញផ្លូវជាក់ស្តែងសម្រាប់ការចូលរួមរបស់រុស្ស៊ី ក្នុងដំណើរការសន្តិភាព»។

ខណៈដែលទីក្រុងមូស្គូ បាននិយាយថា ខ្លួនមិនប្រឆាំងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាម ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថាពួកគេនឹងមិនចូលរួមក្នុងកិច្ចចរចានៅស្វីសនេះទេ ដែលពួកគេចាត់ទុកប្រទេសនេះថាបានបោះបង់ចោលអព្យាក្រឹតភាពរបស់ខ្លួនទាក់ទងនឹងជម្លោះ៕