យោងតាមស្នងការនគរបាល លោកខេវិន ជេ បេតធេល(Kevin J. Bethel) បានិយាយថា នគរបាលបានចាប់ខ្លួនមនសុ្សចំនួន៥នាក់ បន្ទាប់ពីការបាញ់ប្រហាររវាងក្រុមជាគូប្រជែងពីរក្រុម នៅជិតការប្រមូលផ្តុំប្រជាជនមូស្លីម ដើម្បីអបអរថ្ងៃចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដាន កាលពីថ្ងៃពុធ នៅទីក្រុង Philadelphia រដ្ឋ ភេនស៊ីលវ៉ានៀ (Pennsylvania) សហរដ្ឋអាមេរិក។

ការបាញ់ប្រហារនេះ បានកើតឡើងនៅជិតទីលាន ក្លារ៉ា មូហាម៉ាដ(Clara Muhammad) ជាកន្លែងដែលមនុស្សប្រហែល ១.០០០នាក់កំពុងប្រមូលផ្តុំ។ លោក Bethel និយាយថា មនុស្ស ៤ នាក់ដែលត្រូវបានចាប់ខ្លួនកំពុងកាន់អាវុធ ហើយម្នាក់ត្រូវបានបាញ់ដោយនគរបាល ត្រូវចំស្មា និងជើង។

លោកបាននិយាយបន្ថែមថា មានការបាញ់កាំភ្លើងប្រមាណជា៣០គ្រាប់ ហើយយុវជនអាយុ២២ឆ្នាំម្នាក់ និងអនីតិជនអាយុ១៥ឆ្នាំម្នាក់ ត្រូវបាននគរបាលបាញ់ ប៉ុន្តែស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ លោកស្នងការនិយាយថា ការស៊ើបអង្កេត នឹងពិនិត្យមើលលើហេតុផលនៃជម្លោះដែលបានកើតឡើងក្នុងអំឡុងពេលការជួបជុំជាសាធារណៈ ក្នុងពិធីបុណ្យ Eid al-Fitr ។
ស្នងការនគរបាល លោក Kevin J. Bethel បាននិយាយទៅកាន់អ្នកសារព័ត៌មានថា បក្សពួកពីរក្រុមទំនងជាកំពុងបាញ់កាំភ្លើងតគ្នានៅក្នុងឧទ្យានមួយកន្លែង ហើយមន្រ្តីនគរបាលបានឃើញមនុស្ស ៤ នាក់រត់ចេញពីកន្លែងកើតហេតុ។