ចិន៖ ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិនកំពុងចាប់ផ្ដើមបោសសម្អាត បន្ទាប់ពីទឹកជំនន់បណ្ដាលឲ្យមានមនុស្សស្លាប់នៅក្នុងតំបន់នេះ ខណៈទីក្រុងឆ្នេរសមុទ្រជាច្រើនរបស់ប្រទេសចិនកំពុងប្រឹងប្រែង ដើម្បីត្រៀមទប់ទល់នឹងព្យុះទីហ្វុងដែលកំពុងខិតជិតមកដល់។

ជំនន់ទឹកភ្លៀងបានបញ្ចប់ជាបណ្តើរៗចាប់តាំងពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Zhengzhou ខេត្ត Henan ហើយទឹកជំនន់ដែលជន់លិចតាមដងផ្លូវក្នុងទីក្រុងបានស្រកចុះ ដោយមានជំនួយពីម៉ាស៊ីនបូមទឹក និងឧបករណ៍បង្ហូរទឹកផ្សេងទៀត។ ចរាចរណ៍កំពុងបន្តដំណើរការបណ្តើរៗ បន្ទាប់ពីរថយន្តធន់ធំសណ្ដោងជាង ៥០០គ្រឿងបានទាញយករថយន្តដែលខូចខាតដោយទឹកជំនន់ចេញពីទីក្រុង។ ទោះបីជាមានការបំផ្លាញបណ្ដាលមកពីទឹកជំនន់ក៏ដោយ ផ្សារទំនើបក្នុងតំបន់នៅតាមសហគមន៍ប្រជាជនរស់នៅ មានការផ្គត់ផ្គង់ផ្លែឈើ សាច់ ស៊ុត និងទឹកដោះគោគ្រប់គ្រាន់។ អ្នករស់នៅក្រុង Zhengzhou បាននិយាយថា ការធានាដែលរដ្ឋាភិបាលផ្តល់ឱ្យគឺគ្រប់គ្រាន់។ យើងមិនមានការព្រួយបារម្ភឡើយ ឥឡូវនេះយើងមានទឹកមានសារធាតុរ៉ែជាច្រើននៅផ្សារទំនើប ដូច្នេះយើងអាចទិញបានគ្រប់ពេល។

ក្រុមជំនាញមានក្រុមការងារចំនួន ៣ក្រុមត្រូវបានបញ្ជូនដោយក្រសួងធនធានទឹក បាននឹងកំពុងដឹកនាំការងារលុបបំបាត់ហានិភ័យ ប្រមូលបោះចោល និងការពារទឹកជំនន់នៅខេត្ត Henan។ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជូនសហគ្រាសគាំទ្រខ្នាតធំ ដើម្បីធានាការគាំទ្របន្ទាន់ផលិតផលអាហារទៅកាន់ទីផ្សារខេត្ត Henan។ មជ្ឈមណ្ឌលឧតុនិយមជាតិប្រទេសចិននៅព្រឹកថ្ងៃសុក្រ បានបន្តប្រកាសអាសន្នពណ៌ខៀវ សម្រាប់ការខិតមកជិតនៃព្យុះទីហ្វុង In-Fa។ ព្យុះទីហ្វុងទី៦ នៃឆ្នាំនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការបាក់ដីនៅភាគខាងជើងខេត្ត Fujian និងខេត្ត Zhejiang ប្រទេសចិននៅថ្ងៃអាទិត្យស្អែកនេះ៕
អត្ថបទ៖ ប៊ុនថន