ឈានមកដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤នេះ ប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដារាជធានី-ខេត្ត។ ការចាកចេញនេះ ក្នុងគោលដៅទៅលេងស្រុកកំណើត និងខ្លះទៅដើរលេងកម្សាន្ត សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ទិដ្ឋភាពចរាចរណ៍នៅតាមដងផ្លូវ នៅថ្ងៃទី ១១ ខែមេសា នេះ ចាប់ផ្ដើមមានភាពមមាញឹកគួរឱ្យកត់សម្គាល់ ពិសេសគឺការធ្វើដំណើរក្នុងគោលដៅឆ្ពោះទៅបណ្ដាខេត្ត។ ប្រជាពលរដ្ឋខ្លះ ធ្វើដំណើរតាមម៉ូតូដោយខ្លួនឯងសម្រាប់អ្នកមានស្រុកកំណើតជិត រីឯប្រជាពលរដ្ឋដែលមានស្រុកកំណើតឆ្ងាយធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ឬធ្វើដំណើរតាមក្រុមហ៊ុនដឹកអ្នកដំណើរ។
សម្រាប់ប្រជាពលរដ្ឋដែលកំពុងរង់ចាំឡើងរថយន្តឆ្ពោះទៅខេត្តសៀមរាប នៅថ្ងៃនេះ ម្នាក់សុទ្ធតែបង្ហាញនូវទឹកមុខសប្បាយរីករាយ។ អ្នកខ្លះទៅខេត្ត សៀមរាប ព្រោះជាស្រុកកំណើត រីឯអ្នកខ្លះធ្វើដំណើរឆ្ពោះទៅខេត្ត សៀមរាប ដើម្បីដើរលេងកម្សាន្ត។ ពួកគេមើលឃើញថា ប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែមានភាពសប្បាយរីករាយ សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

ពាក់ព័ន្ធនឹងការធ្វើដំណើរនេះ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ នៅក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា លើកឡើងថាកំណើនការធ្វើដំណើរទៅបណ្ដាខេត្ត ចាប់ផ្ដើមកើនតាំងពីដើមសប្ដាហ៍មកម្លេះ។ ចាប់ពីថ្ងៃនេះទៅ ចំនួនការធ្វើដំណើរគឺកាន់តែច្រើនបន្ថែមទៀត។ ជាការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនរបស់លោកក៏បាន បន្ថែមនូវរថយន្ត ក៏ដូចជាបន្ថែមម៉ោងចេញដំណើរ រហូតដល់ម៉ោង ១២ យប់ផងដែរ។
ខណៈមានតម្រូវការធ្វើដំណើរខ្ពស់បែបនេះ លោកលើកឡើងថាក្រុមហ៊ុននៅតែរក្សាគោលការណ៍របស់ខ្លួន គឺរក្សាតម្លៃដើម ប្រកាន់ខ្ជាប់វិធានការសុវត្ថិភាពបើកបរ គោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ។
មុននឹងការចេញដំណើរ កញ្ញា ហន សុខហ៊ាង ជាអ្នកបើកបរស្ត្រីលើកឡើងថា កាតព្វកិច្ច និងទំនួលខុសត្រូវសំខាន់របស់អ្នកបើកបរអាជីព គឺដឹកជញ្ជូនអ្នកដំណើរដំណើរឱ្យទៅដល់គោលដៅប្រកបដោយសុវត្ថិភាពខ្ពស់។

សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យប្រើប្រាស់រថយន្តក្រុងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃផងដែរ។ ចំនួនរថយន្តក្រុងសរុប គឺ៤៥៥គ្រឿង ក្នុងនោះសម្រាប់ការដឹកជញ្ជូនតាមបណ្ដាខេត្តចំនួន ៣៩៥គ្រឿង រីឯការដឹកជញ្ជូននៅរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង។ ការធ្វើដំណើរដោយមិនគិតថ្លៃនេះ មានរយៈពេល ៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤៕ អត្ថបទ៖ គឹមហុក


