ស្របពេលដែលរដ្ឋបាលខេត្តកណ្តាលជំរុញឲ្យអាជ្ញាធរមូលដ្ឋានតាមក្រុងស្រុកនានារៀបចំកម្មវិធីសង្ក្រាន្ត តាមក្រុងស្រុកឃុំសង្កាត់របស់ខ្លួននៅពេលនេះ ក្រុងស្រុកនានានោះ បានសហការរៀបចំកម្មវិធីសង្ក្រាន្ត បង្កលក្ខណៈជូនពលរដ្ឋមូលដ្ឋាន និងទេសចរជាតិអន្តរជាតិ ចូលរួមកម្សាន្តសប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង នឹងឈាចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ។

ពលរដ្ឋនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែមេសានេះថា ឆ្នាំនេះពួកគេទាំងអស់គ្នាមានការពេញចិត្តសប្បាយរីករាយជាមួយរដ្ឋបាលក្រុងអរិយក្សត្រ ដែលបានរៀបចំកម្មវិធីសង្ក្រាន្តក្រុងអរិយក្សត្រ ជាលើកដំបូង។
ចំណែកមន្ត្រី និងក្រុមយុវជនក្រុងអារីក្សត្រ ថ្លែងថា ទីតាំងប្រារព្ធកម្មវិធីសង្ក្រាន្តក្រុងអរិយក្សត្រដែលនឹងប្រារព្ធធ្វើធំនៅជាប់វត្តអរិយក្សត្រនេះគឺរៀបចំបានរួចរាល់បានប្រមាណ៩០% ហើយតាមគ្រោងទុកនៅក្នុងកម្មវិធីសង្ក្រាន្តនេះ នឹងរៀបចំកម្មវិធីសប្បាយជាច្រើន ដូចជា ការធ្វើពិធីសាសនាទទួលទេវតា កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រិយទាំង១០ប្រភេទ និងការរាំលេងកម្សាន្តតាមបែបខ្មែរ នៅក្នុងតំបន់ត្រជាក់ជាដើម ខណៈនៅក្នុងអំឡុងពេលនេះ ក្រុមការងារយុវជន បាននិងកំពុងហាត់សម នូវការរាំ និងលេងល្បែងប្រជាប្រិយតាមបែបខ្មែរផងដែរ។

រដ្ឋបាលសាលាខេត្តកណ្តាល បានឲ្យដឹងថា មកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានតាមក្រុងស្រុកទាំងអស់ នៅទូទាំងខេត្ត គឺបាននាំគ្នារៀបចំទីតាំងកម្មវិធីសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ របស់ខ្លួនសម្រេចបានប្រមាណ៩០% ហើយក៏មានអាជ្ញាធរមូលដ្ឋានតាមឃុំសង្កាត់ជាច្រើនទៀត រៀបចំកម្មវិធីសង្ក្រាន្តតាមភូមិឃុំសង្កាត់ តាមរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ៕ អត្ថបទ ស៊ុម សុខជា




