សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យជូនទាំងប្រជាពលរដ្ឋ និងម្ចាស់បុរីនានា ហើយនៅពេលខាងមុខវិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសងអញ្ជើញ ជាអធិបតីពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានបញ្ហានៅតាមបុរីនានានោះទេ។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយឱ្យម្ចាស់គម្រោងអាចបន្តដំណើរការទៅបាន ហើយដោះស្រាយជូនប្រជាពលរដ្ឋជាអតិថិជនឱ្យទទួលបាននូវអ្វីដែលបានទិញពីបុរីនោះ។
សម្តេចធិបតី បានបញ្ជាក់ថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងមានស្ថានភាពល្អប្រសើរឡើងវិញនាពេលខាងមុខ។ សម្ដេចបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ជាសាល ក្នុងនោះក្រុមហ៊ុនបរទេសជាច្រើន ក៏ត្រូវបានបិទឬបិទសាខាផងដែរ បញ្ហាទាំងនេះ កើតឡើងតាំងពីវិបត្តិជំងឺរាតត្បាយកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសាកល រួមនឹងសង្គ្រាមនៅលើពិភពលោកផ្ទួនៗបន្តគ្នា។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ល្អប្រសើរឡើងវិញ ដូចកាលពីមុនវិបត្តិកូវីដ-១៩៕អត្ថបទ៖ វ៉ន ដារ៉ា