ក្រចេះ ៖ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួង កសិកម្ម និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយស្រុកស្នួល និងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលានៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
មានប្រសាសន៍បើកអង្គវេទិកាសាធារណៈនេះ ឯកឧត្ដម លី ផល្លា បានលើកឡើងថា វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានគោលបំណង សួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយរាល់សំណូមពរ និងសំណើរទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងដំណើរមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល តាមឋានានុក្រម។
ជាមួយគ្នានោះ ពលរដ្ឋបានស្នើសុំ និងលើកបញ្ហាមួយចំនួនរួមមាន បញ្ហាបរិស្ថាន ដែលបុគ្គលមួយចំនួន ចិញ្ចឹមជ្រូកបណ្ដាលឲ្យមានក្លិនស្អុយ សុំជួសជុលផ្លូវលំ សុំជួសជុលសាលារៀននៅភូមិអញ្ចាញ ដែលខូចខាតជាខ្លាំងស្ទើរមិនអាចឲ្យសិស្ស ចូលរៀនបាន សុំជួសជុលផ្លូវសាមលិញ សុំបង្កើតអនុវិទ្យាល័យនៅតំបន់ដាច់ស្រយាល ជាពិសេសវិធានការចំពោះល្បែងស៊ីសង។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋ ខាងមន្ទីរពាក់ព័ន្ធបានបកស្រាយ ពន្យល់ និងដោះស្រាយជូននូវបញ្ហាមួយចំនួននៅនឹងកន្លែង។ ដោយឡែក ចំពោះ សុំណើរសុំបង្តើតអនុវិទ្យាល័យ និងសាលារៀននៅភូមិដាច់ស្រយាល ជាពិសេស ការសុំជួសជុលផ្លូវសាមលិញ ក្រុមការងារនឹងបញ្ជូនទៅថ្នាក់ជាតិជួយដោះស្រាយបន្ត។
ឯកឧត្តម ប្រធានអង្គវេទិកាបាន ជំរុញដល់សមត្ថកិច្ចមូលដ្ឋាន ត្រូវមានវិធានការ ជាបន្ទាន់ចំពោះបញ្ហាល្បែងស៊ីសង ទៅតាមគោលនយោបាយភូមិ ឃុំសុវត្ថិភាព។ ឯកឧត្ដម ក៏បានជំរុញដល់អាជ្ញាធរដែនដី មានសមត្ថកិច្ច និងប្រជាពលរដ្ឋ ផងដែរ រស់នៅត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋាន ភូមិ.ឃុំទទួលបានសុខសុវត្ថិភាព មានការអភិវឌ្ឍន៍ អោយកាន់តែរីកចំរើនឡើងបន្ថែមទៀត ត្រូវខិតខំប្រឹងប្រែងបន្ថែ មទៀត ដើម្បីលុបបំបាត់អោយអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋ បានលើកឡើង-ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប បទល្មើស លួច ឆក់ បទល្មើសគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕
ដោយ ៖ សេង ម័រ




