ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ្រឹស្ត សករាជ ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់នាវេលាម៉ោង២២ និង២៤នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃផងទាំងពួង ដែលកើតមានពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។

នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្នាំទី១ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានរៀបចំឱ្យមានភាពអធិកអធមកាន់តែផុលផុស និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរៀបចំឱ្យមានសង្ក្រាន្តនៅគ្រប់ទីកន្លែង ទាំងសង្ក្រាន្តវត្តភ្នំ ក៏ដូចសង្ក្រាន្តតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយរីករាយ។

បច្ចុប្បន្ននេះក្រោមការដឹកនាំអភិវឌ្ឍន៍ដោយឯកឧត្ដ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃ បានធ្វើឱ្យការអភិវឌ្ឍន៍ទីក្រុងបោះជំហានទៅមុខ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឱ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ និងត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គិភ័យការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





