ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៥អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រី និងនិវត្តជននៃទីស្នាក់ការកណ្តាល ទីប្រឹក្សាយុវជនតាមគ្រឹះស្ថានឧត្តមសិក្សា យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជនជាច្រើននាក់។
ក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានវេរប្រគេនទេយ្យទានដល់វត្តប្រជុំនទី (ក្រពើហារ) សម្រាប់ជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ព្រមទាំងព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលទេយ្យវត្ថុទាំងនោះរួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ១០កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ២គីឡូក្រាម, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម និងថវិកា ៤០លានរៀល។ រាប់បាត្រប្រគេនព្រះសង្ឃ ៥អង្គ ក្នុង ១អង្គៗប្រគេន ចង្ហាន់ ១ស្រាក់, បង្អែម ១កាតូ, ផ្លែឈើ ១កន្ត្រក និងសាដក១។ ប្រគេន ព្រះចៅអធិការវត្ត បច្ច័យចំនួន ៥លានរៀល។ ប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុង១អង្គៗ បច្ច័យ ១លានរៀល៕
អត្ថបទ ៖ សំ ងីម



















