
អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ (Ma Ying-jeou) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១១ មេសា) នេះ បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ថា កោះតៃវ៉ាន់ និងប្រទេសចិន អាចដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយសារប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ចែករំលែកវប្បធម៌ និងប្រវត្តិសាស្ត្រដូចគ្នា។
ថ្លែងបន្ទាប់ពីត្រឡប់មកពីទីក្រុងប៉េកាំង វិញ លោក ម៉ា និយាយថា លោកសង្ឃឹមថាយុវជនតៃវ៉ាន់ ដែលតាមការស្ទង់មតិសព្វថ្ងៃនេះចាត់ទុកខ្លួនឯងជាជនជាតិតៃវ៉ាន់ និងមិនមែនជាជនជាតិចិន អាចទុកចោលនូវមនោគមវិជ្ជាជាក់លាក់ និងដឹងពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រវាងតៃវ៉ាន់ និងចិន។
លោក ម៉ា ដែលជាមេដឹកនាំពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ កាលពីឆ្នាំមុនបានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយកាលពីថ្ងៃពុធ (១០ មេសា) លោកបានជួបជាលើកទីពីរជាមួយលោក ស៊ី បន្ទាប់ពីជំនួបលើកទីមួយនៅកិច្ចប្រជុំកំពូលក្នុងប្រទេសសិង្ហបុរី កាលឆ្នាំ២០១៥ នៅពេលដែលលោក ម៉ា នៅតែជាមេដឹកនាំរបស់តៃវ៉ាន់។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយដើម្បីអះអាងការទាមទារទាំងនោះ។ រដ្ឋាភិបាលតៃវ៉ាន់ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថា សាធារណរដ្ឋប្រជាមានិតចិនមិនដែលគ្រប់គ្រងកោះនេះទេ ហើយមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេ៕