
អ៊ីស្រាអែល បានយល់ព្រមនៅក្នុងកិច្ចចរចាបទឈប់បាញ់សង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងប្រទេសអេហ្ស៊ីប ដើម្បីធ្វើសម្បទានអំពីការវិលត្រឡប់របស់ប៉ាឡេស្ទីនទៅកាន់ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនេះ ប៉ុន្តែជឿជាក់ថា ក្រុមអ៊ីស្លាមហាម៉ាស មិនចង់សម្រេចកិច្ចព្រមព្រៀងនេះទេ។
មន្ត្រីពីររូបដែលមានចំណេះដឹងអំពីកិច្ចពិភាក្សាបាននិយាយថា ក្រោមសំណើរបស់សហរដ្ឋអាមេរិកសម្រាប់លទ្ធភាពនៃបទឈប់បាញ់ អ៊ីស្រាអែល នឹងអនុញ្ញាតឱ្យបញ្ជូនជនជាតិប៉ាឡេស្ទីនចំនួន ១៥០.០០០ នាក់ត្រឡប់ទៅតំបន់ហ្កាហ្សា ភាគខាងជើងវិញ ដោយមិនមានការត្រួតពិនិត្យសន្តិសុខ។ ជាការតបស្នង ក្រុមហាម៉ាស នឹងតម្រូវឱ្យផ្តល់បញ្ជីឈ្មោះចំណាប់ថ្នូរស្ត្រី ចាស់ជរា និងមានជំងឺ ដែលនៅមានជីវិត។
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា សំណើចុងក្រោយបំផុតដែលបានអនុម័តដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា មិនបានបំពេញតាមការទាមទារទេ។ នៅក្នុងខែទីប្រាំពីរនៃសង្រ្គាម ក្រុមហាម៉ាស ចង់បញ្ចប់ការវាយលុករបស់យោធាអ៊ីស្រាអែល ការដកកងកម្លាំងអ៊ីស្រាអែលចេញពីហ្កាហ្សា និងការអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះវិញ។
យោងតាមក្រសួងសុខាភិបាលហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ៣៣.០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលបានចាប់ផ្តើម ដោយភាគច្រើននៃចំនួនប្រជាជនចំនួន ២,៣ លាននាក់ត្រូវភៀសខ្លួន និងផ្នែកភាគច្រើននៃតំបន់ហ៊ុមព័ទ្ធនេះត្រូវបានក្លាយជាកម្ទេចកម្ទី៕