
តារាចម្រៀងប៉ុបជប៉ុន J-Pop ២ដូង គឺលោក Ayase និងនាង Ikura បានចូលរួមកម្មវិធីលៀងសាយភោជន៍ពេលល្ងាចនៅសេតវិមានដែលត្រូវបានរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សម្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida កាលពីល្ងាចថ្ងៃពុធ ។
គួរឲ្យដឹងថា តារាចម្រៀង ២ដួងនេះ ទទួលបានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោកសម្រាប់បទចម្រៀងជាច្រើនរបស់ពួកគេ រួមទាំងបទចម្រៀងជោគជ័យបំបែកកំណត់ត្រា “Idol” របស់ពួកគេផងដែរ ។
នៅក្នុងចំណោមភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងពិធីលៀងសាយភោជន៍ពេលល្ងាចនោះ មានទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris អ្នកជំនួញអាមេរិកលោក Jeff Bezos អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Bill Clinton និងតារាសម្តែង Robert DeNiro ផងដែរ ។
ខណៈពេលនោះដែរ លោក Biden បានប្រកាសថា អវកាសយានិកជនជាតិជប៉ុន ដែលមានសំណាង នឹងក្លាយជាមនុស្សដំបូងគេមិនមែនជាជនជាតិអាមេរិក ដែលបានដើរលើឋានព្រះចន្ទក្នុងអំឡុងពេលបេសកកម្ម Artemis នាពេលខាងមុខរបស់អង្គការ NASA។
ការផ្តល់ជូនដល់ប្រទេសជប៉ុន ដែលជាឱកាសប្រជាជាតិជាច្រើនបានសុបិន្តចង់បាននោះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Kishida និងស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួនមួយនេះ ៕