កំពង់ឆ្នាំង៖ ដើម្បីចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តចំនួន៣ទីតាំងផ្សេងគ្នា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំរេចយកទីតាំងចំនួន៣សំរាប់ប្រារព្វសង្ក្រាន្តឆ្នាំនេះ ដែលទីតាំងទី១ ធ្វើនៅសួនវិមានឯករាជ្យ ,ទីតាំងទី២នៅសួនទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន, និងទីតាំងទី៣នៅតំបន់ត្រជាក់ក្នុងក្រុងកំពង់ឆ្នាំង។សង្ក្រាន្តទាំង៣ទីតាំងនេះ ត្រូវធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នឹងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិខ្មែរ និងកម្សាន្តសប្បាយជាច្រើនដូចជា ការល្បែងប្រជាប្រិយជាតិប្រពៃណីខ្មែរ ចោលឈូង ទាញព្រ័ត្រ រាំវង់ រាំក្បាច់ សារវ៉ាន់ ឡាំឡាវ ការប្រគំតន្ត្រី និងមានការជ្រួចនៅពេលរាត្រីផងដែរ។
ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តបានអំពាវនាវ និងអញ្ជើញប្រជាពលរដ្ឋខ្មែរ លោកយាយលោកតា ពុកម៉ែ មាមីង បងប្អូន យុវជនយុវតី កុមារាកុមារី និងមិត្តភក្តិបរទេសជិតឆ្ងាយ ចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តខេត្តកំពង់ឆ្នាំងទាំង៤ថ្ងៃ ឱ្យបានច្រើនកុះករ និងអធឹកអធម ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនេះ ៕ ដោយ ៖ កាំង ហុងវាស្នា








