
ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះដ៏ខ្លាំងក្លា ធ្វើឲ្យកើតមានទឹកជំនន់ដ៏គំហក់ទ្រង់ទ្រាយធំនៅទីក្រុង New Orleans និងទីក្រុងជាច្រើនទៀតនៅក្នុងរដ្ឋ Louisiana របស់សហរដ្ឋអាមេរិក ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានប្រកាសអាសន្នទឹកជំនន់ដ៏គំហក់នៅក្នុងទីក្រុង New Orleans កាលពីថ្ងៃត្រង់ ថ្ងៃពុធ ។ តំបន់ខ្លះត្រូវបានគេរាយការណ៍ថា ទឹកភ្លៀងមានកម្ពស់ជាង ២០សង់ទីម៉ែត្រ នៅព្យុះកួចបានកើតមានផងដែរនៅទូទាំងរដ្ឋ Louisiana ។
ក្រុមនគរបាល និងនាយកដ្ឋានពន្លត់អគ្គិភ័យ បានចុះប្រតិបត្តិការជួយសង្រ្គោះភ្លាមៗ ក្រោយព្យុះកួចបន្សល់ទុកបំណែកកម្ទេចកម្ទីនៅទូទាំងរដ្ឋ Louisiana ។
ទីក្រុង Slidell ដែលស្ថិតនៅចម្ងាយប្រហែល ៤៨គ.ម ភាគពាយ័ព្យទីក្រុង New Orleans បានរងការខូចខាតទ្រង់ទ្រាយធំផងដែរ ក្រោយពេលព្យុះកួចបោកបក់ឆ្លងកាត់កាលពីព្រឹកថ្ងៃពុធ ។
វីដេអូសាក្សី ឃើញផ្លូវរាយប៉ាយដោយមែកឈើ និងកម្ទេចកម្ទី ហើយដំបូលអគារបានប៉ើងដោយអន្លើ ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ព្យុះដ៏ខ្លាំងក្លានេះ បណ្តាលឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអគារធុរកិច្ចជាង ៣ម៉ឺនខ្នង នៅទូទាំងរដ្ឋ Louisiana ៕