ប្រេស៊ីល៖ អារម្មណ៍ធូរស្រាលបានវិលត្រឡប់មករកប្រទេសប្រេស៊ីលវិញ ដែលចំនួនអ្នកស្លាប់ដោយវីរុស COVID-19 បានថយចុះដល់កម្រិតមុនរលកទី២ នៃការឆ្លងវីរុស។ អភិបាលក្រុងកំពុងរំកិលវិធានការរឹតត្បិតគម្លាតសង្គម ដែលអនុញ្ញាតឱ្យអ្នកគាំទ្របាល់ទាត់ត្រឡប់មកពហុកីឡដ្ឋានវិញ ហើយអភិបាលក្រុង Rio de Janeiro ប្រកាសថា ទីក្រុងនេះនឹងរៀបចំពិធីជប់លៀងបុណ្យចូលឆ្នាំសកលដ៏ល្បីល្បាញរបស់ពិភពលោក។

ប៉ុន្តែនៅក្នុងប្រទេសប្រេស៊ីលការជំរុញនៅតែបន្ត ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលវីរុសបំប្លែងខ្លួនថ្មីវាយលុក។ បណ្ដាប្រទេសដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនច្រើន ដូចជាចក្រភពអង់គ្លេសបានឃើញថា មានការឆ្លងកើនឡើងខ្លាំងនៅក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប៉ុន្តែគ្មានការកើនឡើងនៃជំងឺធ្ងន់ធ្ងរ ឬអ្នកស្លាប់។ ក្រុមអ្នកជំនាញបានសម្ដែងការព្រួយបារម្ភថា ប្រទេសប្រេស៊ីលទំនងជាមិនអាចធ្វើដូចគ្នាបានទាន់ពេលនោះទេ។ ក្រសួងសុខាភិបាលប្រេស៊ីលបានរាប់ករណីវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ១៤០ករណីនៅថ្ងៃសុក្រ រួមទាំងករណីមួយចំនួននៅក្នុងរដ្ឋដែលមានប្រជាជនច្រើនជាងគេចំនួន ៣ និងមានអ្នកស្លាប់ចំនួន ១២នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Marcelo Queiroga បានទទូចថា ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយល្អបំផុត ដើម្បីបញ្ឈប់វីរុសបំប្លែងខ្លួន Delta ទោះបីវីរុសបំប្លែងខ្លួនថ្មីនេះបានចាប់ផ្តើមរីករាលដាលក៏ដោយ ហើយប្រទេសប្រេស៊ីលត្រូវតែបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ប្រទេសប្រេស៊ីលបានចាក់វ៉ាក់សាំងពេញលេញដល់ប្រជាជនបានចំនួន ១៧% និង ៤៤% បានទទួលការចាក់វ៉ាក់សាំងដូសទី១៕
អត្ថបទ៖ ប៊ុនថន