
នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីន ប្រចាំទីក្រុងវ៉ាស៊ីនតោន ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសហ្វីលីពីនកំពុងរំពឹងទទួលបានកិច្ចព្រមព្រៀងវិនិយោគជាទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ទៅ ១០ឆ្នាំខាងមុខ បន្ទាប់ពីជំនួបកំពូលត្រីភាគីរបស់ប្រទេសជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
ដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក Jose Manual Romualdez ការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានប្រាប់ឲ្យដឹងថា ការវិនិយោគនេះនឹងគ្របដណ្តប់លើវិស័យផ្សេងៗគ្នាជាច្រើន ក្នុងនោះរួមទាំងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។
PCO បាននិយាយតាមរយៈការស្រង់សម្តីរបស់លោក Romualdez ដែលប្រាប់ថា៖ «យើងកំពុងនិយាយអំពីការវិនិយោគ ១០០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំទៅ ១០ឆ្នាំខាងមុខ»។
គួរបញ្ជាក់ថា ពេលនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីពិសេសជាមួយសមភាគីអាមេរិក និងជប៉ុន៕