ភ្នំពេញ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ សរសើរ ដល់ មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រកបទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែ សេវាច្រកចេញចូលតែមួយ ឬក៏សេវាសន្តិសុខសណ្ដាប់ធ្នាប់នោះទេ លទ្ធផលដែលទទួលបានមកនេះគឺបង្ហាញពីការសាមគ្គីគ្នាក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីនិងជំនាញរៀងៗខ្លួន។
ពិធីសំណេះសំណាលនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាលខណ្ឌដូនពេញលោកអភិបាលរង មន្ត្រីការិយាល័យទាំងអស់ កម្លាំងសន្តិសុខចំណុះអោយរដ្ឋបាលខណ្ឌដូនពេញ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ មកដល់។
ក្នុងឪកាសនោះ លោក អភិបាលខណ្ឌដូនពេញ បានណែនាំបន្ថែមអោយមន្ត្រីជំនាញគ្រប់ការិយាល័យទាំងអស់សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជំនាញ តាមតួនាទីភារកិច្ច សហការគ្នាធ្វើការងារជាក្រុម កុំអត្តនោម័តដោយខ្លួនឯង។ គ្រប់ការិយាល័យទាំងអស់សូមពង្រឹងការគ្រប់គ្រងបញ្ជីរវត្តមានរបស់មន្ត្រីជាប្រចាំ ។ ចំពោះការងារសន្តិសុខសូមយកចិត្តទុកដាក់ លើកិច្ចការពង្រឹងការងារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អ។ ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព ។
លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ក្នុងនាមលោកអភិបាលខណ្ឌលោកមិនអាចធ្វើការតែម្នាក់នេះបានទេ ប្រសិនបើគ្មានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យនោះទេ។ លទ្ធផលដែលយើងទទួលបាននេះគឺបង្ហាញយ៉ាងច្បាស់ថា បានមកដោយសារការរួមគ្នាអនុវត្តការងារដោយការសាមគ្គីគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។
សូមបញ្ជាក់ផងដែរនៅក្នុងការសំណេះសំណាលជាមួយមន្ត្រី រួចលោកអភិបាលក៏បានឈ្លៀតឱកាសនេះចែកអំណោយកាកបាទក្រហម ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចែករំលែកទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានការខ្វះខាតចំនួន៥០ គ្រួសារ ផងដែរ៕
អត្ថបទ៖ កុម្ភៈ















