
កាលពីថ្ងៃពុធម្សិលមិញ កុមារនៅតំបន់ហ្កាហ្សាស្រ្ទីបបានរត់លេងតាមផ្លូវនៅក្នុងចំណោមអគាររងការខូចខាត និងរងការបំផ្លិចបំផ្លាញ ឬអបអរពិធីបុណ្យ Eid al-Fitr នៅក្នុងជំរំ ជាទីដែលគ្រួសាររបស់ពួកគេស្វែងរកទីជម្រក អំឡុងសង្រ្គាមរយៈពេល ៦ខែរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់ ។
នៅតាមដងផ្លូវក្នុងទីក្រុង Jabalia ក្មេងប្រុសអាយុ ១១ឆ្នាំ និងមិត្តភ័ក្តិរបស់ក្មេងប្រុស លេងកាំភ្លើងជ័រ នៅជុំវិញគំនរបាក់បែកផ្ទះរបស់ពួកគេ ដែលរងការខូចខាតដោយសារសង្រ្គាម ។
ដោយឡែក ក្មេងៗក្នុងជំរំនៅទីក្រុង Rafah ជាទីដែលពួកគេស្វែងរកទីជម្រកជាមួយគ្រួសាររបស់ពួកគេ បាននាំគ្នាទះដៃ និងស្រែក ពេលដែលក្រុមជនប៉ាឡេស្ទីន ធ្វើពិធីកម្មដើម្បីប្រារព្ធពិធីបុណ្យ Eid al-Fitr គឺជាពិធីបុណ្យមួយដែលក្រុមអ្នករៀបចំចាត់ទុកថាជាពិធី Eid ដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្រ្តតំបន់ហ្កាហ្សា ។
នៅខាងក្នុងដែនដីហ្កាហ្សាដែលហែកហួរដោយសង្រ្គាម មានភាពសប្បាយរីករាយតិចតួច អមដោយទឹកភ្នែកតែប៉ុណ្ណោះ ។
ជនប៉ាឡេស្ទីននៅក្នុងជំរំជនភៀសខ្លួន Jabaliya ក្បែរទីក្រុងហ្កាហ្សា បានកាន់ទុក្ខមនុស្សជាទីស្រឡាញ់ក្នុងចំណោមមនុស្សជាង ៣៣.០០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលជាការសងសឹកទៅនឹងការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ចូលក្នុងទឹកដីអ៊ីស្រាអែល។
សូមបញ្ជាក់ថា ជនម៉ូស្លីមជុំវិញពិភពលោកបានប្រារព្ធពិធីបុណ្យ Eid al-Fitr កាលពីថ្ងៃពុធ ទី១០ ខែមេសា សប្ដាហ៍នេះ ដែលជាថ្ងៃបញ្ចប់នៃខែបុណ្យតមអាហាររ៉ាម៉ាដាន ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រារព្ធពិធីនេះ ត្រូវបានគ្របដណ្ដប់ដោយវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា និងការវាយលុកដោយយោធារបស់អ៊ីស្រាអែល ដែលគេរំពឹងទុក នៅក្នុងទីក្រុង Rafah ៕