
ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) នេះ បាននិយាយថា សហរដ្ឋអាមេរិក និងជប៉ុន បាន «លាបពណ៌ និងវាយប្រហារ» ប្រទេសចិន អំឡុងជំនួបកំពូល នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាកន្លែងដែលប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បង្ហាញពីការធ្វើឲ្យប្រសើរឡើងកាន់តែខ្ពស់បំផុតក្នុងទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំង២។
លោក Biden និងលោក Kishida កាលពីថ្ងៃពុធ (ទី១០ ខែមេសា) បានបង្ហាញពីផែនការរៀបចំរចនាសម្ព័ន្ធបញ្ជាការយោធាអាមេរិកឡើងវិញ នៅប្រទេសជប៉ុន ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ ចំណាត់ការនេះគឺសំដៅធ្វើឲ្យកងកម្លាំងអាមេរិក និងជប៉ុនកាន់តែមានភាពរហ័សរហួនបន្ថែមទៀត នៅក្នុងករណីមានការគំរាមកំហែងនានា ដូចជាការលុកលុយរបស់ចិនលើកោះតៃវ៉ាន់ជាដើម។
ឆ្លើយតបទៅនឹងសំណួរស្តីអំពីដំណើរទស្សនកិច្ចរបស់លោក Kishida និងការពង្រឹងទំនាក់ទំនងជាមួយអាមេរិកនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា សហរដ្ឋអាមេរិក និងជប៉ុន បាន «លាបពណ៌ និងវាយប្រហារប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ និងដែនសមុទ្រ ជ្រៀតជ្រែកយ៉ាងជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ»។
លោកស្រី Mao បាននិយាយថា ប្រទេសចិន «មិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានបង្ហាញការមិនពេញចិត្តការទូតជាមួយភាគីពាក់ព័ន្ធនានា»។ លោកស្រីបានបន្ថែមថា៖ «ទំនាក់ទំនងអាមេរិក-ជប៉ុន មិនគួរកំណត់គោលដៅ ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដទៃឡើយ ហើយក៏មិនគួរបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ដែរ»។
នៅទីក្រុងវ៉ាស៊ីនតោន លោក Kishida បានសាទរចំពោះសម្ព័ន្ធភាពជប៉ុន-អាមេរិកថា មានសារៈសំខាន់ ដើម្បីរក្សាសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ ដែលប្រទេសចិនបានឈ្លានពានកាន់តែខ្លាំងឡើងៗ ហើយបានអំពាវនាវឲ្យមាន «សន្តិភាព និងស្ថិរភាព» នៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕