
នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីបានណែនាំប្រឆាំងនឹងការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ហើយក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានបន្តការផ្អាកជើងហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងតេអេរ៉ង់ ខណៈដែលតំបន់នេះ ត្រូវប្រឈមនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងការសងសឹកអ៊ីស្រាអែលចំពោះការវាយប្រហារនៅក្នុងប្រទេសស៊ីរី។
អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី១ ខែមេសា លើបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស( Damascus) ដែលបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ និងមន្ត្រីយោធាអ៊ីរ៉ង់៦នាក់ផ្សេងទៀត ដោយធ្វើឲ្យកាន់តែបង្កើនភាពតានតឹងនៅក្នុងតំបន់ ដែលរង្គោះរង្គើដោយសង្រ្គាមហ្កាហ្សានេះ។
ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ពលរដ្ឋថា ពួកគេគួរតែចៀសវាងការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ជាពិសេសទៅកាន់ប្រទេសអ៊ីស្រាអែល លីបង់ និងទឹកដីប៉ាឡេស្ទីន។
ក្រសួងបានបន្ថែមថា៖«យើងសូមផ្តល់អនុសាសន៍យ៉ាងមុតមាំឲ្យពលរដ្ឋរុស្ស៊ីបដិសេធការធ្វើដំណើរទៅកាន់តំបន់នេះ ជាពិសេសទៅកាន់ប្រទេសអ៊ីស្រាអែល លីបង់ និងទឹកដីប៉ាឡេស្ទីន លើកលែងតែក្នុងករណីចាំបាច់បំផុត»។