
យោធាបារាំង បានទម្លាក់ជំនួយមនុស្សធម៌ទម្ងន់ ១០តោនបន្ថែមទៀតពីលើអាកាស ទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ខណៈដែលប្រតិបត្តិការសឹករបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់ នៅតែបន្ត ។
កងកម្លាំងប្រដាប់អាវុធបារាំងនិយាយថា ជំនួយដែលភាគច្រើនជាស្បៀងអាហារ និងសម្ភារៈចាំបាច់ ត្រូវបានទម្លាក់ពីលើអាកាសដោយសម្របសម្រួលជាមួយរដ្ឋាភិបាលហ្សកដានី ។
ដោយឡែក ការទម្លាក់ជំនួយមនុស្សធម៌មួយផ្សេងទៀតទម្ងន់ ៧តោន ត្រូវបានធ្វើឡើងកាលពីរយៈពេល ១ថ្ងៃមុន ។
ខណៈពេលនោះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សា ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជនស៊ីវិលបន្ថែមទៀត ហើយនិងអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ផងដែរ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៣៣.០០០នាក់ បានស្លាប់ ដោយសារការទម្លាក់គ្រាប់បែកឥតឈប់ឈររយៈពេល ៦ខែរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ៕