
ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន និងគ្រួសាររបស់លោកហានីយេស (Haniyeh’s) បាននិយាយថា កូនប្រុសបីនាក់របស់មេដឹកនាំក្រុមហាម៉ាស លោកអ៊ីស្មាអែល ហានីយេ (Ismail Haniyeh) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយរបស់អ៊ីស្រាអែល ក្នុងតំបន់ហ្កាហ្សា ស្រ្ទីប កាលពីថ្ងៃពុធទី១០មេសាកន្លងទៅនេះ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពអ៊ីស្រាអែលបានសម្លាប់កូនប្រុសរបស់លោកហានីយេ នៅក្នុងការវាយប្រហារតាមអាកាស ក្នុងតំបន់ហ្កាហ្សា ដោយមិនបានពិគ្រោះយោបល់ជាមួយមេបញ្ជាការសំខាន់ៗ ឬមេដឹកនាំនយោបាយណាមួយ ក្នុងនោះរួមមានលោកនាយករដ្ឋ
មន្រ្ដី បេនចាមីន ណេតាន់យ៉ាហ៊ូផងដែរ។
ទីភ្នាក់ងារព័ត៌មានវ៉លឡា (Walla) ដែលស្រង់ប្រភពពីមន្រ្ដីជាន់ខ្ពស់អ៊ីស្រាអែល បានអោយដឹងថា ទាំងលោកណេតាន់យ៉ាហ៊ូ ទាំងរដ្ឋមន្រ្ដីការពារជាតិលោក យ៉ាវ ហ្កាលឡាន់ (Yoav Gallant) មិនត្រូវបានគេប្រាប់អោយដឹងមុនឡើយពីការវាយប្រហារដែលមានការសម្របសម្រួលរបស់យោធាអ៊ីស្រាអែល និងសេវាស៊ើបការណ៍ស៊ីន បេត(Shin Bet)។
គេនិយាយថា អាមៀរ ម៉ូហាម៉ាត់ និង ហាហ្សែម ត្រូវបានគេកំណត់គោលដៅជាអ្នកប្រយុទ្ធ មិនមែនព្រោះតែពួកគេជាកូនប្រុសរបស់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ឡើយ។
យោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយទេទៅលើសេចក្ដីរាយការណ៍ដែលថា ចៅ៤នាក់របស់ហានីយេ ក៏ត្រូវបានសម្លាប់ផងដែរនោះ។
ពុំមានការធ្វើអត្ថាធិប្បាយទៅលើសេចក្ដីរាយការណ៍របស់សារព័ត៌មានវ៉លឡា (Walla) ដែលគេ
អាចរកបានភ្លាមៗពីការិយាល័យរបស់នាយករដ្ឋមន្រ្ដីឬខាងយោធាទេ។