លោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងបង្ហាញការល្បាត និងហ្វឹកហាត់យោធារួមគ្នាជាមួយហ្វីលីពីន និងជប៉ុន ខណៈសម្ព័ន្ធមិត្តព្យាយាមទប់ទល់នឹងការប្រកាសសិទ្ធិគ្រប់គ្រងកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។

យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ដែលបានផ្ដល់លទ្ធផលកិច្ចប្រជុំដល់ក្រុមអ្នកសារព័ត៌មាន និងបានធ្វើបទសម្ភាសន៍ដាច់ដោយឡែកជាមួយសារព័ត៌មានBloomberg កិច្ចប្រជុំរបស់លោក Biden កាលពីថ្ងៃព្រហស្បតិ៍ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នឹងផ្តល់កិច្ចព្រមព្រៀងស្តីពីការល្បាតឆ្មាំសមុទ្រ កិច្ចខិតខំប្រឹងប្រែងរួមគ្នាបែបមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការហ្វឹកហ្វឺនដែនសមុទ្រដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសជប៉ុន ។

លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពាររបស់ប្រទេសជប៉ុន និងហ្វីលីពីននៅតែរឹងមាំដូចដែកថែប ខណៈលោកធ្វើជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំនៃប្រទេសទាំងនោះ ស្របពេលមានជម្លោះដែនទឹកដាច់ដោយឡែកពីគ្នាជាមួយប្រទេសចិន។

កិច្ចប្រជុំត្រីភាគី នេះបានកើតមានឡើង ស្របពេលភាពតានតឹងរវាងក្រុងម៉ានីល និងប៉េកាំង ។ក្នុងប៉ុន្មានសប្ដាហ៍ថ្មីនេះ នាវាឆ្មាំល្បាតឆ្នេរចិន បានរារាំងសកម្មភាពផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីនសម្រាប់កងទ័ពឈរជើងនៅលើនាវាសល់ពីសម័យសង្រ្គាមលោកលើកទី២ក្នុងតំបន់ថ្មប៉ប្រះទឹកមានជម្លោះ Second Thomas Shoal ដែលក្រុងម៉ានីលអះអាងសិទ្ធិគ្រប់គ្រងនៅលើប្រជុំកោះស្ព្រាតលី៕