អ៊ីស្រាអែល កំពុងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីសត្រូវរបស់ខ្លួនគឺអ៊ីរ៉ង់ បានគំរាមសងសឹកចំពោះការវាយប្រហារនៅក្នុងប្រទេសស៊ីរី ក្នុងខែនេះ ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ពីរនាក់ ស្របពេលដែលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅតែបន្តក្នុងតំបន់ហ្កាហ្សា ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា អ៊ីស្រាអែលនឹងឆ្លើយតបដោយផ្ទាល់ទៅរាល់ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ មកលើខ្លួន។

ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានពង្រឹងការការពារដែនអាកាស និងផ្អាកការចាកចេញរបស់អង្គភាពប្រយុទ្ធ សហរដ្ឋអាមេរិកក៏បានព្រមានអំពីហានិភ័យនៃការវាយប្រហារដោយអ៊ីរ៉ង់ ឬក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើង។

អ៊ីស្រាអែលត្រូវបានគេស្តីបន្ទោសយ៉ាងទូលំទូលាយចំពោះការវាយប្រហារកាលពីថ្ងៃទី០១ មេសា ដែលបានបំផ្លាញអគារស្ថានកុងស៊ុលរបស់អ៊ីរ៉ង់ នៅក្រុងដាម៉ាស ហើយបានសម្លាប់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៧ នាក់ ក្នុងនោះមានឧត្តមសេនីយ៍ពីរនាក់។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) បានព្រមានកាលពីថ្ងៃពុធថា អ៊ីស្រាអែល «ត្រូវតែទទួលទណ្ឌកម្ម ហើយនឹងត្រូវទទួលទណ្ឌកម្ម» ប៉ុន្មានថ្ងៃបន្ទាប់ពីទីប្រឹក្សារបស់លោកបាននិយាយថា ស្ថានទូតអ៊ីស្រាអែលទាំងអស់ «លែងមានសុវត្ថិភាពទៀតហើយ»។
ភាពតានតឹងក្នុងតំបន់ត្រូវបានបង្កឡើងដោយសង្រ្គាមហ្កាហ្សា ដែលអ៊ីរ៉ង់បាននិយាយថា ខ្លួនមិនបានដឹងជាមុនអំពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ទេ ប៉ុន្តែបានសាទរចំពោះការវាយប្រហារប្រឆាំងនឹងសត្រូវដែលមានអាយុកាលរាប់ទសវត្សរ៍របស់ខ្លួន៕