ថៃ៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា ប្រតិកម្មរបស់រដ្ឋាភិបាលថៃចំពោះវីរុសបំប្លែងខ្លួនថ្មីដែលមិនអាចដឹងមុនបាន បានរួមចំណែកដល់ការកើនឡើងនូវករណីឆ្លងវីរុសជាច្រើននៅទូទាំងប្រទេស។

លោក Richard Brown ប្រធានកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាព នៃការិយាល័យរបស់អង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសថៃ បាននិយាយក្នុងពិធីបើកជាផ្លូវការនូវកម្មវិធីឆ្លើយតប នៃវីរុសរាតត្បាតសុខភាពនៅអាស៊ីអាគ្នេយ៍ របស់អង្គការសុខភាពពិភពលោកក្នុងប្រទេសថៃ លោកបានកោតសរសើរចំពោះការឆ្លើយតបដំបូងចំពោះរលកទី១ កាលពីឆ្នាំមុន ប៉ុន្តែបានបន្តស្នើឱ្យមានការសម្រេច ចំពោះការគំរាមកំហែងដែលបានផ្លាស់ប្ដូរនេះ។ លោក Richard Brown និយាយថា លោកគិតថា មូលហេតុចម្បងនៃបញ្ហារបស់ប្រទេសថៃ គឺការលេចចេញនូវវីរុសបំប្លែងខ្លួនថ្មី។ យើងដឹងថា វីរុសផ្លាស់ប្ដូរ និងវិវឌ្ឍទៅតាមពេលវេលា។
លោកនិយាយថា ទោះបីវីរុសបំប្លែងខ្លួនថ្មីនេះឆ្លងកាន់តែច្រើនក៏ដោយ ក៏របៀបនៃការចម្លងមិនបានផ្លាស់ប្ដូរនោះទេ ដូច្នេះពិធីសារដែលមានស្រាប់អាចត្រូវបានរឹតត្បិត ដើម្បីគ្រប់គ្រងការរាលដាលវីរុស។ ក្រុមអាជ្ញាធរសុខាភិបាលថៃបានកត់ត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារវីរុស Covid-19 ចំនួន ១១៩នាក់ និងអ្នកឆ្លងថ្មីចំនួន ១៤.២៦០នាក់នៅព្រឹកថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះកើនឡើងដល់ ៣.៩៣០នាក់ និងអ្នកឆ្លងសរុបចំនួន ៤៨១.៩៦៧នាក់៕
អត្ថបទ៖ ប៊ុនថន