នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់សមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ថា អ៊ុយក្រែនកំពុងប្រឈមហានិភ័យក្នុងការចាញ់ក្រោមដៃរុស្ស៊ី ប្រសិនបើពុំមានការគាំទ្រដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយនោះជាមហន្តរាយមួយដែលអាចផ្ដល់ភាពក្លាហានឱ្យចិន បង្កជាវិបត្តិថ្មីនៅអាស៊ីខាងកើត ខណៈលោកជំរុញឱ្យពួកគេយកឈ្នះ «ការសង្ស័យលើខ្លួនឯង» អំពីតួនាទីរបស់ប្រទេសនេះនៅលើឆាកពិភពលោក។

នៅក្នុងសុន្ទរកថាលើកដំបូងទៅកាន់កិច្ចប្រជុំរួមនៃសភាដោយមេដឹកនាំជប៉ុនក្នុងរយៈពេលប្រាំបួនឆ្នាំ លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញប្រជាជនអាមេរិក កុំឱ្យសង្ស័យពីតួនាទី «ដែលមិនអាចខ្វះបាន» របស់ប្រទេសក្នុងកិច្ចការពិភពលោក ហើយបាននិយាយថា ទីក្រុងតូក្យូ កំពុងប្រឹងប្រែងធ្វើឱ្យប្រសើរឡើងផ្នែកយោធាជាប្រវត្តិសាស្ត្រដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន។

លោក គីស៊ីដា លើកឡើងបែបនេះស្របពេលមានការបែកបាក់យ៉ាងស៊ីជម្រៅនៅក្នុងនយោបាយសហរដ្ឋអាមេរិក ជុំវិញតួនាទីរបស់ប្រទេសនេះនៅលើឆាកពិភពលោកក្នុងឆ្នាំបោះឆ្នោតប្រធានាធិបតី រួមទាំងនៅក្នុងសភាតំណាងរាស្រ្ត។

សំណើរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រាប់ជំនួយចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបានអនុម័តព្រឹទ្ធសភាដឹកនាំដោយបក្សប្រជាធិបតេយ្យ ដោយមានការគាំទ្រ ៧០ ភាគរយនៅក្នុងខែកុម្ភៈ ត្រូវបានជាប់គាំងនៅក្នុងសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ ខណៈដែលប្រធានសភា លោក ប៉ៃ ចនសុន (Mike Johnson) បានបដិសេធមិនអនុញ្ញាតឱ្យមានការបោះឆ្នោត៕