ទីភ្នាក់ងារចារកម្មកណ្ដាល FBI របស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារដែលមានអង្គការចាត់តាំងនៅក្នុងសហរដ្ឋអាមេរិក ស្រដៀងទៅនឹងការវាយប្រហារដែលបានសម្លាប់មនុស្សជាង ១៤០ នាក់នៅឯសាលប្រគុំតន្ត្រីរុស្ស៊ី កាលពីខែមុន នេះបើតាមនាយកការិយាល័យនេះបានប្រាប់ក្រុមអ្នកតំណាងរាស្រ្តកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា)។

ការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនា លើសាលប្រគុំតន្ត្រីនៅជាយក្រុងមូស្គូ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤ នាក់ ដែលជាចំនួនមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេល ២០ ឆ្នាំ។

សាខាមួយនៃក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ប៉ុន្តែមិនបានលើកឡើងពីភស្តុតាងច្បាស់លាស់។
ក្រុមមន្ត្រីអាមេរិក មានការព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហារដែលធ្វើឡើងដោយបុគ្គល ឬក្រុមតូច ដែលត្រូវបានបំផុសគំនិតដោយសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅហ្កាហ្សា។

លោក គ្រីសស្តូហ្វឺ រ៉េយ (Christopher Wray) នាយក FBI បាននិយាយនៅក្នុងសក្ខីកម្មរបស់ខ្លួននៅចំពោះមុខអនុគណៈកម្មាធិការសភាថា FBI កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការវាយប្រហារសម្របសម្រួលបន្ថែមទៀត បន្ទាប់ពីការសម្លាប់រង្គាលនៅសាលប្រគុំតន្រ្តីរុស្ស៊ី។
លោក រ៉េយ បានលើកឡើងពីការព្រួយបារម្ភរបស់ទីភ្នាក់ងារអនុវត្តច្បាប់អំពីអំពើភេរវកម្ម ដើម្បីជួយបញ្ចុះបញ្ចូលសមាជិកសភាឱ្យបង្កើនមូលនិធិសម្រាប់ FBI ទោះបីជាលោកទំនងជាប្រឈមនឹងការរុញច្រានយ៉ាងខ្លាំងពីសមាជិកសភាមកពីបក្សសាធារណរដ្ឋក៏ដោយ៕