សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ថាខ្លួនបានដាក់កម្រិតបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល និងសមាជិកគ្រួសាររបស់ពួកគេពីការធ្វើដំណើរផ្ទាល់ខ្លួននៅខាងក្រៅទីក្រុង តែលអាវីវ (Tel Aviv) ហ្សេរុយសាឡឹម (Jerusalem) និង បេអឺសេវ៉ា (Be'er Sheva) ស្របពេលមានការគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងការសងសឹកប្រឆាំងនឹងសត្រូវក្នុងតំបន់។

អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃទី០១ ខែមេសា លើបរិវេណស្ថានទូតរបស់ខ្លួនក្នុងក្រុងដាម៉ាស ដែលបានបង្កើនភាពតានតឹងបន្ថែមក្នុងតំបន់ដែលតានតឹងរួចទៅហើយនោះដោយសង្រ្គាមហ្កាហ្សា។

ស្ថានទូតអាមេរិក បាននិយាយនៅក្នុងការដាស់តឿនសន្តិសុខនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា «ជាការប្រុងប្រយ័ត្ន បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេត្រូវបានដាក់កម្រិតក្នុងការធ្វើដំណើរផ្ទាល់ខ្លួននៅខាងក្រៅតំបន់នានានៃទីក្រុង តែលអាវីវ ដែលរួមទាំងតំបន់ ហឺសលីយ៉ា (Herzliya) ណេតាន់យ៉ា (Netanya) និង យ៉េហ៊ូដា (Yehuda), ទីក្រុងហ្សេរុយសាឡឹម និងទីក្រុងបេអឺសេវ៉ា រហូតដល់មានការជូនដំណឹងបន្ថែម»។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់ កំពុងគម្រាមបើកការវាយប្រហារដ៏សំខាន់មួយនៅអ៊ីស្រាអែល ហើយថាសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្តខ្លួន។ នៅពេលសាកសួរអំពីការដាស់តឿនសន្តិសុខ អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលឡឺ (Matthew Miller) បានលើកឡើងថា អ៊ីរ៉ង់ បាននិងកំពុងធ្វើការគំរាមកំហែងជាសាធារណៈលើអ៊ីស្រាអែល៕