ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង តែលអាវីវ (Tel Aviv) កាលពីយប់ថ្ងៃព្រហស្បតិ៍ (១១ មេសា) ដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល និងគណៈរដ្ឋមន្ត្រីសង្គ្រាមឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស លើការដោះលែងចំណាប់ថ្នូរ ដោយភ័យខ្លាចថាពេលវេលានឹងអស់សម្រាប់អ្នកដែលនៅសេសសល់ក្នុងការឃុំខ្លួន។

រដ្ឋាភិបាលអ៊ីស្រាអែល បានប្រឈមមុខនឹងសម្ពាធកើនឡើងពីក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល ចំនួន ១៣៣ នាក់ ដែលនៅតែត្រូវបានគេជឿថាត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ខណៈកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា មិនទាន់ទទួលបានកិច្ចព្រមព្រៀងជាក់ស្ដែងមួយ។

ក្រុមហាម៉ាស កំពុងទាមទារឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល ការដកកងកម្លាំង និងការអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

អ៊ីស្រាអែល ចង់ធានាការវិលត្រឡប់របស់ចំណាប់ថ្នូរ ប៉ុន្តែនិយាយថាខ្លួននឹងមិនបញ្ចប់សង្រ្គាមទេ រហូតទាល់តែក្រុមហាម៉ាសត្រូវបានបំផ្លាញ ឬពុំមានកម្លាំងវាយប្រហារ ហើយថាខ្លួននៅតែគ្រោងនឹងវាយលុកទីក្រុងរ៉ាហ្វា ភាគខាងត្បូង ដែលមានជនស៊ីវិលភៀសខ្លួនជាងមួយលាននាក់កំពុងជ្រកកោន៕