ការស្លាប់ដោយសារជំងឺគ្រុនឈាមដែលបង្កឡើងពីមូសខ្លាខាំ បានកើនឡើងច្រើនជាងបីដងនៅក្នុងប្រទេសប៉េរូ រហូតមកទល់ពេលនេះ នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលរបស់ប្រទេសអាមេរិកខាងត្បូង ដែលកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីទប់ស្កាត់ការរាតត្បាតដែលបានវាយប្រហារតំបន់ក្រីក្រខ្លាំងបំផុត។

ក្រសួងសុខាភិបាលរបស់ប៉េរូបាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍(១១ មេសា) មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ១១៧ នាក់ដែលបានចុះបញ្ជីនៅឆ្នាំនេះ បើធៀបនឹងចំនួន ៣៣ នាក់ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ករណីសង្ស័យក៏មានច្រើនជាងបីដងដែរ រហូតទៅដល់ប្រហែល ១៣៥.០០០ ករណី។

រោគសញ្ញាទូទៅរួមមាន ចង្អោរ កន្ទួល និងឈឺចាប់រាងកាយ ខណៈពេលដែលទម្រង់ធ្ងន់ធ្ងរដ៏កម្រ គំរាមកំហែងដល់ទារក និងស្ត្រីមានផ្ទៃពោះ អាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងអាចស្លាប់បាន។
រដ្ឋាភិបាលរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតតេ (Dina Boluarte) ក្នុងសប្តាហ៍នេះបាននិយាយថា ខ្លួនបានអនុម័តលើ «ក្រឹត្យស្តីពីភាពអាសន្ន» ដែលអនុញ្ញាតឱ្យមានវិធានការសេដ្ឋកិច្ចវិសាមញ្ញ ដើម្បីជំរុញផែនការដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺនេះ ដែលអ្នកជំនាញនិយាយថាកាន់តែធ្ងន់ធ្ងរឡើងដោយសារបម្រែបម្រួលអាកាសធាតុបានជំរុញកំណើនមូស៕