បាត់ដំបង៖ ប្រជាពលរដ្ឋបានបង្ហាញការកោតសរសើរចំពោះរដ្ឋបាលខេត្តបាត់ដំបងដែលបានរៀបចំសង្រ្កាន្តឆ្នាំ២០២៤នេះ មានលក្ខណៈទ្រង់ទ្រាយធំ ប្លែក និងមានភាពទាក់ទាញខ្លាំង សម្រាប់ការទស្សនាកម្សាន្ត និងផ្ដិតយករូបភាព។
ប្រជាពលរដ្ឋ បង្ហាញការកត់សម្គាល់ថា សង្រ្កាន្តបាត់ដំបងឆ្នាំនេះរៀបចំបានស្អាត និងមានភាពទាក់ទាញខ្លាំង តាមរយៈការដាក់តាំងបង្ហាញចំប៉ីយក្ស ទុរេនយក្ស និងណែមយក្សដែលជាអត្តសញ្ញាណអ្នកបាត់ដំបង។
ប្រជាពលរដ្ឋ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងដែលនឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនត្រៀមលក្ខណៈរួចរាល់ សម្រាប់ទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ រយៈពេល៥ថ្ងៃ ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងបន្ថែមថា ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ ក៏ធ្វើឡើងដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ តាមរយៈការរៀបចំកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិអន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់ នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង និងនៅពេលរាត្រីមានការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្តេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សង្ឃឹមយ៉ាង មុតមាំថាសាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេសនឹងមកចូលរួមទស្សនាកំសាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤- ឱ្យបានច្រើនកុះករ អធិកអធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ៕