កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការដាក់ពង្រាយថ្មីនៅតំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល កាលព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

សេចក្តីប្រកាសនេះ បានសំដៅទៅលើ «ប្រតិបត្តិការដ៏ច្បាស់លាស់ និងផ្អែកលើព័ត៌មានចារកម្ម ដើម្បីលុបបំបាត់ក្រុមប្រតិបត្តិករភេរវកម្ម និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវករ នៅតំបន់ហ្កាហ្សាភាគកណ្តាល។
សេចក្តីប្រកាសបានបន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅខាងលើ និងខាងក្រោមដី មុនពេលកងកម្លាំងជើងគោករបស់IDF ធ្វើការចល័តចូលទៅខាងក្នុង។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងទ័ពរបស់ខ្លួន «បានកំណត់អត្តសញ្ញាណ ភេរវករប្រដាប់អាវុធម្នាក់ ដែលបានចេញពីច្រកផ្លូវរូងក្រោមដីភេរវកម្មដែលនៅជាប់នឹងកងទ័ពIDF ហើយចូលទៅក្នុងរចនាសម្ព័ន្ធយោធា។ យន្តហោះចម្បាំងមួយគ្រឿង បានកំណត់គោលដៅគាត់ ពេលគាត់ចូលទៅជិតទាហានរបស់IDF។
កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់ថា រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានគេរកឃើញបាញ់ ហើយកងទ័ពជើងទឹកអ៊ីស្រាអែល បានបាញ់ទៅលើគោលដៅនានា នៅក្នុងតំបន់នេះ។
បុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងតំបន់ បានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៥ នាក់ បានស្លាប់នៅក្នុងប្លុកលំនៅដ្ឋានមួយ នៅជំរុំ Nuseirat សម្រាប់ជនភៀសខ្លួន ដែលស្ថិតនៅភាគនិរតីនៃទីក្រុងហ្កាហ្សា។