ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១១ខែមេសា សប្ដាហ៍នេះ ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន និងសមភាគីផ្សេងទៀត ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន រារាំងអ៊ីរ៉ង់កុំឲ្យវាយលុកអ៊ីស្រាអែល។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា លោក Blinken បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃមុនទៅកាន់សមភាគីចិន ទួរគី អារ៉ាប៊ីសាអ៊ូឌីត និងអឺរ៉ុប ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ការកើនឡើងភាពតឹនតឹងនេះ មិនមែនជាការផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយថាប្រទេសនានាគួរតែជំរុញឱ្យអ៊ីរ៉ង់កុំឱ្យបង្កើនសកម្មភាពនេះ។

លោក Miller បាននិយាយថា Blinken ក៏បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល យ៉ាវ ហ្គាលែន (Yoav Gallant) ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏រឹងមាំរបស់យើងសម្រាប់អ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងទាំងនេះ។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែមេសាលើអគារការទូតអ៊ីរ៉ង់នៅក្នុងរដ្ឋធានី ដាម៉ាស់ (Damascus)ប្រទេសស៊ីរី បានសម្លាប់សមាជិក ៧ នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហារណាមួយពីសំណាក់ប្រទេសអ៊ីរ៉ង់៕