មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធដែលថាកូនប្រុសរបស់លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ គឺជាអ្នកប្រយុទ្ធឲ្យក្រុមនេះ និងបាននិយាយថា ផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន គឺនាំមុខចំពោះអ្វីៗទាំងអស់ នៅពេលដែលត្រូវបានសួរថាតើ ការស្លាប់កូនប្រុសទាំងបីនាក់ នឹងប៉ះពាល់ដល់កិច្ចពិភាក្សាដែរឬទេ។

និយាយពីទីក្រុងដូហា ប្រទេសកាតា លោក Haniyeh បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ក្រុមរបស់លោក នៅតែស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែល នៅតែពន្យារពេល និងគេចវេសពីការឆ្លើយតបចំពោះការទាមទារ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់កូនប្រុសបីនាក់របស់លោក Haniyeh ក្នុងសប្តាហ៍នេះ ដោយក្នុងហេតុការណ៍នេះ ពុំមានការពិភាក្សាជាមួយមេបញ្ជាការកំពូល ឬមេដឹកនាំនយោបាយឡើយ ជាសកម្មភាពដែលបង្កហានិភ័យដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ថ្នូរ ដែលនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា។
ទីភ្នាក់ងារសារព័ត៌មាន Walla របស់អ៊ីស្រាអែល បានរាយការណ៍ថា ទាំងលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant មិនត្រូវបានគេប្រាប់ជាមុនអំពីការវាយប្រហារកាលពីថ្ងៃពុធលើកូនប្រុសរបស់លោក Haniyeh ដែលត្រូវបានសម្របសម្រួលដោយយោធាអ៊ីស្រាអែល និងអង្គភាពសេវាស៊ើបការណ៍ Shin Bet ។
ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល សារព័ត៌មានបានរាយការណ៍ថា លោក Amir លោកMohammad និងលោក Hazem Haniyeh ត្រូវបានគេកំណត់គោលដៅថាជាអ្នកប្រយុទ្ធ ហើយពុំមែនដោយសារតែពួកគេជាកូនប្រុសរបស់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសនោះទេ។
យោធាអ៊ីស្រាអែល ពុំបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថាចៅៗរបស់លោក Haniyeh ចំនួនបួននាក់ទៀត ក៏ត្រូវបានគេសម្លាប់ផងដែរ។