សេចក្តីថ្លែងការណ៍ពីកងកម្លាំងប្រដាប់អាវុធប្រទេសម៉ារ៉ុក កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា កងទ័ពជើងទឹកប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន៥៤នាក់ ចេញពីទូកមួយគ្រឿង នៅឆ្នេរសមុទ្រអាត្លង់ទិក មានចម្ងាយ១៨៦គីឡូម៉ែត្រ ភាគខាងត្បូងកំពង់ផែ Dakhla ។

សេចក្តីថ្លែងការណ៍បាននិយាយថា អង្គភាពកងទ័ពជើងទឹក ដែលទទួលបន្ទុកឃ្លាំមើលតាមតំបន់ឆ្នេរ ស្ទាក់ចាប់បានទូកមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់ប្រជុំកោះ កាណារី (Canary) ជាប្រជុំកោះរបស់ប្រទេសអេស្បាញ នៅជិតឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្វ្រិក។

ជនអន្តោប្រវេសន៍ ដែលមកពីអនុតំបន់សាហារ៉ាអាហ្រ្វិក និងអាស៊ី ត្រូវបានប្រគល់ទៅឱ្យកងទ័ព ដើម្បីមាននីតិវិធីបន្ត បន្ទាប់ពីទទួលបានការថែទាំសុខភាព។ យោងតាមរបាយការណ៍បានឲ្យដឹងថា ពួកគេបានចេញដំណើរពីឆ្នេរសមុទ្រប្រទេសម៉ូរីតានី។
ប្រទេសម៉ារ៉ុក បានក្លាយទៅជាប្រទេសឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ដែលមានបំណងចង់ទៅដល់ទ្វីបអឺរ៉ុប សម្រាប់ជីវភាពរស់នៅកាន់តែប្រសើរ។