មណ្ឌលសុខភាពអូរកណ្តៀរសែនជ័យ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ រួមនិងឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ។
មណ្ឌលសុខភាពអូរកណ្តៀរសែនជ័យ ស្ថិតនៅភូមិអូរកណ្តៀរសែនជ័យ ឃុំអូរកណ្តៀរ សែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ គឺជាអគារមិត្តភាពក្រចេះ-ប៊ិញយឿង ដែលផ្តួចផ្តើមកសាងដោយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។ ដោយអគារនេះ មានចំនួន ១ខ្នង និងកម្ពស់២ជាន់ មានប្រវែង ២២,៦ម៉ែត្រ គុណ ១០ម៉ែត្រ មានបន្ទប់ចំនួន ១៣បន្ទប់ និងបន្ទប់ទឹកចំនួន ៤បន្ទប់ ។ ក្នុងនោះ បន្ទប់រងចាំសម្រាលកូន ចំនួន ១បន្ទប់ បន្ទប់សម្រាលកូនចំនួន ១បន្ទប់ បន្ទប់ក្រោយសម្រាលចំនួន ១បន្ទប់ បន្ទប់ ពិគ្រោះព្យាបាលជំងឺទូទៅចំនួន ១បន្ទប់ បន្ទប់ពិគ្រោះជំងឺចំនួន ១បន្ទប់ បន្ទប់ពិនិត្យផ្ទៃពោះ ចំនួន ១បន្ទប់ បន្ទប់ចាក់ថ្នាំបង្ការចំនួន ១បន្ទប់ បន្ទប់ឃ្លាំងឱសថចំនួន ១បន្ទប់ បន្ទប់ជំងឺរបេងចំនួន ១បន្ទប់ បន្ទប់វះកាត់តូច ចំនួន ១បន្ទប់ បន្ទប់ពន្យាកំណើតចំនួន ១បន្ទប់ និងបន្ទប់បុគ្គលិកពេទ្យចំនួន ២បន្ទប់ ហើយត្រូវបានរដ្ឋបាលខេត្តក្រចេះ បំពាក់សម្ភារ បិរក្ខាពេទ្យបានរួចរាល់ជាស្ថាពរ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះខេត្តប៊ិញយឿង ដែលបានជួយឧបត្ថម្ភគាំទ្រដល់ខេត្តក្រចេះជាច្រើន ដូចជា ការសាងសង់ស្ពានមិត្តភាព (ក្រចេះ-សុងប៊ែរ) សាងសង់សាលាមត្តេយ្យក្រចេះក្រុងចំនួន ១ខ្នង មាន ៤បន្ទប់ ចូលរួមចំណែកថវិកាក្នុងការសាងសង់ផ្សារសាមគ្គីក្រចេះក្រុង សាងសង់ជួសជុល និងស្តារប្រឡាយ ទំនប់ អណ្តូងទឹក ស្រះទឹក ជាដើម ព្រមទាំងបានផ្តល់ គ្រឿងឧបភោគ បរិភោគជូនដល់ប្រជាជនក្រក្រីដែលជួបការលំបាក ពិសេសបានជួយឧបត្ថម្ភគាំទ្រ នូវសម្ភារបរិក្ខាការពារកូវីដ-១៩ និងថវិកាជាច្រើន ព្រមទាំងការផ្តល់អាហារូបករណ៍ ដល់និស្សិតក្នុងខេត្តក្រចេះសម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅខេត្តប៊ិញយឿងទៀតថែមទៀត។
ដោយឡែក វិស័យសុខាភិបាល នៅក្នុងស្រុកអូរគ្រៀងសែនជ័យ សព្វថ្ងៃនេះ មានមណ្ឌលសុខភាពចំនួន ៤កន្លែង ។ ជាក់ស្ដែងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ប្រជាពលរដ្ឋមកពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅសរុប ៦៧២នាក់ ក្នុងនោះ វះកាត់តូចៗចំនួន ១៨នាក់ និងជំងឺត្រចៀក ច្រមុះ និងបំពង់ករចំនួន ៩នាក់។ ស្រ្តីក្រីក្រមកពិនិត្យផ្ទៃពោះចំនួន ២៣៦នាក់ ស្រ្តីសម្រាលកូនចំនួន ៤៦នាក់ និងក្រោយពេលសម្រាលកូនរួចចំនួន ៨៩នាក់ ដោយបានធ្វើការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព និងការផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់ពួកគាត់បានយ៉ាងទាន់ពេលវេលា និងពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់នោះឡើយ ៕ អត្ថបទ៖ សេង ម័រ






