តំបន់ខាគីវភាគខាងកើតអ៊ុយក្រែន ដែលរងការវាយប្រហារយ៉ាងខ្លាំងពីការបាញ់ផ្លោងរបស់រុស្ស៊ី បានបញ្ជាឲ្យជម្លៀសដោយបង្ខំនូវគ្រួសារដែលមានកុមារចេញពីភូមិចំនួន៤៧ នៅជិតព្រំដែន។

អភិបាលតំបន់ដែលជាយោធា លោក Oleh Syniehubov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍តាមរយៈ Telegramថា ទាំងនេះ គឺជាសហគមន៍នៅក្នុងស្រុកចំនួនបីគឺ បូហូឌុខីវ ( Bohodukhiv), អ៊ីហ្សយុម (Izyum) និងខាគីវ។ លោកបានបន្ថែមថា ទោះជាយ៉ាងណា រាជធានីក្នុងតំបន់នេះ មិនត្រូវបានប៉ះពាល់ទេ។
មូលហេតុនៃការជម្លៀសនេះ គឺការបាញ់ផ្លោងស្ទើរតែរាល់ថ្ងៃទៅលើទីប្រជុំជននានាដោយកងទ័ពរុស្ស៊ី។ អភិបាលតំបន់នេះ បានសន្យាថា អ្នករងគ្រោះទាំងអស់ នឹងទទួលបានជំនួយមនុស្សធម៌ និងផ្លូវច្បាប់ដ៏សមស្រប។
មួយថ្ងៃមុននេះ ក្មេងស្រីជំទង់ម្នាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់រុស្ស៊ី នៅក្នុងភូមិ លីបស្ទី ( Lyptsi) ក្នុងស្រុកខាគីវ ដែលមានចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។

រដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់ លោក Galushchenko បាននិយាយនៅលើហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ថា ហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ខាគីវ, ល្វីវ (Lviv), គីវ (Kiev) និងហ្សាប៉ូរីហ្សា( Zaporizhzhya) របស់អ៊ុយក្រែន បានរងការវាយប្រហារដោយមីស៊ីលរុស្សីជាថ្មី នៅពេលយប់។